ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនភ្នំប្រាក់ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានសហការជាមួយកម្លាំងយោធាកងល្បាតទី១ នៃវរសេនាតូចការពារព្រំដែនគោកលេខ៥០៣ ចេញទប់ស្កាត់ប្រជាពលរដ្ឋខ្មែរប្រុសស្រី ចំនួន២១ នាក់ ដែលបម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ។
ប្រតិបត្តិការនេះធ្វើឡើង នៅវេលាម៉ោង០៩យប់ថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចចន្លោះ បង្គោលសីម៉ា(៣៦-៣៧) ក្នុងភូមិសាស្ត្រឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
មន្រ្តីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ការទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរទាំង២១នាក់ មានស្រី១០នាក់នេះ ខណ:ដែលកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនភ្នំប្រាក់ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានសហការជាមួយកម្លាំងយោធាកងល្បាតទី១ នៃវរសេនាតូចការពារព្រំដែនគោកលេខ៥០៣ ដើរល្បាតតាមបន្ទាត់ព្រំដែនចន្លោះ បង្គោលសីម៉ា(៣៦-៣៧)។ពេលនោះ ក៏បានប្រទះឃើញពួកគាត់បម្រុងនាំគ្នាលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ក៏ឃាត់ខ្លួនតែម្តង ។
ប្រភពដដែលបានបញ្ជាក់ថាក្រោយពីបានឃាត់ខ្លួន ប្រជាពលរដ្ឋខ្មែរទាំង២១នាក់ បានបញ្ជូនទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គោករមៀត នៃ អធិការដ្ឋាននគរបាលស្រុថ្មពួក ដើម្បីមានវិធានការបន្ត ៕
ដោយ ៖ វណ្ណា