ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង១៨នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ កន សុខលីន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៤កញ្ចប់មធ្យម,ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាក ViVO ពណ៌ខៀវ,កូនកាបូបដៃចំនួនមួយ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលដើមឫសបានចេញល្បាតតាមភូមិសាស្ត្រងាយរងគ្រោះក៏បានជួបនឹងជនសង្ស័យកំពុងតែឈរនៅចិញ្ចើមផ្លូវ ហើយមានកូនកាបូបដៃចំនួន១ដាក់ក្នុងហោប៉ៅក្រោយខាងឆ្វេងនៅចំណុចខាងមុខផ្ទះជាងជួសជុលម៉ូតូ។ ដោយមានការសង្ស័យកម្លាំងយើងក៏បានជិះម៉ូតូទៅជិតដើម្បីសួរនាំ និងឆែកឆេរក៏រកឃើញថ្នាំញៀនចំនួន១៤កញ្ចប់ ដែលជនសង្ស័យបានលាក់ទុកក្នុងកាបូប ។ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកកាន់អធិការដ្ឋានស្រុកតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនប្រាដកមែន ដោយខ្លួនបានទិញពីឈ្មោះ ភារម្យ ភេទប្រុស អាយុ ប្រហែល៤៣ឆ្នាំ នៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងតម្លៃ ៤៥០,០០០រៀល (សែសិបប្រាំមុឺនរៀល) ដើម្បីយកមកលក់បន្ត។ ខ្លួនបានជួញដូរថ្នាំញៀននេះបានរយៈពេល៣ខែហើយ ពីមុនខ្លួនធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ រយៈពេល៩ខែពីបទលួចម៉ាសុីនដេរ ប្រព្រឹត្តនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស សម