អន្តរជាតិ៖ បេីតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃួលោក Qari Saeed Khosty បានថ្លែងថា៖ មានហេតុការណ៍បាញ់រះដ៏រន្ធត់នៅមន្ទីរពេទ្យយោធាធំបំផុតមួយកន្លែងក្នុងរដ្ឋធានីកាប៊ុល នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បណ្ដាលឱ្យមនុស្សយ៉ាងតិចណាស់ចំនួន១៩នាក់បានស្លាប់ និង៤៣នាក់ផ្សេងទៀតរងរបួស។ ក្រោយកើតហេតុសាខាក្រុមរដ្ឋអ៊ិស្លាមនៅអាហ្វហ្កានីស្ថានប្រកាសទទួលខុសត្រូវលើការវាយប្រហារនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបានថ្លែងបន្តថា ហេតុការណ៍បំផ្ទុះគ្រាប់បែកពីរគ្រាប់បានវាយប្រហារនៅច្រកចូលមន្ទីរពេទ្យយោធា Sadar Mohammad Daud Khan បន្ទាប់មកក្រុមខ្មាន់កាំភ្លើងក៏បានធ្វើប្រតិបត្តិការបាញ់រះក្នុងមន្ទីរពេទ្យ។ កម្លាំងពិសេសរបស់តាលីបង់ក៏បានចេញប្រតិបត្តិការបង្រ្កាប ហើយសមាជិក ISIS-K ចំនួន៥នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល១៥នាទីក្នុងពេលវាយឆ្មក់។
សូមជម្រាបថា ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់កាប់អំណាច ប្រទេសនេះមកតែងតែរងការវាយប្រហារជាញឹកញយ ពិសេសពីសំណាក់ក្រុមរដ្ឋអ៊ិស្លាម ISIS-K ដែលជាបណ្ដាញរបស់ក្រុមរដ្ឋអ៊ិស្លាម ISIS ។ នៅថ្ងៃទី២ ខែវិច្ឆិកា ក្រុម ISIS-K បានវាយប្រហារលើមន្ទីរពេទ្យដ៏ធំមួយនៅរដ្ឋធានីកាប៊ុល។
ដោយឡែកបើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់ចេញពីប្រភពរបស់ក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន ក៏បានបញ្ជាក់ដែរថា មានមនុស្សយ៉ាងហោចណាស់១៩នាក់ស្លាប់ និង៤៣នាក់ទៀតរងរបួស។ ជាមួយគ្នានេះ បេសកកម្មរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន បានថ្កោលទោសលើការវាយប្រហារដ៏សាហាវនេះ ហើយបានអំពាវនាវឱ្យនរណាដែលបានប្រព្រឹត្តត្រូវតែមកទទួលខុសត្រូវ។
ចាប់តាំងពីក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសមក ក្រុមISIS-K បានក្លាយទៅជាក្រុមដែលគំរាមកំហែងដ៏ធំបំផុតនិងជាគូប្រកួតប្រជែងដ៏ខ្លាំងក្លាផងដែរ៕ដោយ៖ស តារា
រូបភាព៖ Twitter លោក Qari Saeed Khosty អ្នកនាំពាក្យក្រសួងមហាផ្ទៃ
រូបភាព៖ Xinhua