ខេត្តមណ្ឌលគិរី៖ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងខេត្ត មណ្ឌលគិរី បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តគិរីវ័ន្តណារាម ដើម្បីប្រមូលបច្ច័យចាក់គ្រឹះកសាងព្រះវិហារ ក្នុងទីវត្តអារាម ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្នុងពិធីបុណ្យអង្គកឋិនទានសាមគ្គី នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដឹកនាំដោយលោកម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីរាជការក្រោមឱវាទ និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្ត ដើម្បីធ្វើពិធីដង្ហែរអង្គកឋិនទាន ទៅកាន់វត្តគិរីវ័ន្តណារាម។
លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ការរៀបចំបុណ្យអង្គកឋិនទានសាមគ្គីនេះ គឺបានអនុវត្តតាមគោលការណ៍របស់រាជ រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោកបញ្ជាក់ថា សម្រាប់ការរៀបចំអង្គកឋិនទានសាមគ្គីនេះ ប្រមូលបានបច្ច័យសរុបចំនួន ៣៥.០៣៧.០០០រៀល និងប្រាក់ដុល្លាចំនួន ៣.៨៦០$ ដើម្បីចាក់គ្រឹះកសាងព្រះវិហារ ក្នុងទីវត្តអារាម ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា។
ជាមួយគ្នានេះដែរ លោកប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានមូលមតិគ្នាផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទាននេះឡើង ដើម្បីប្រមូលបច្ច័យយកទៅចាក់គ្រឹះកសាងព្រះវិហារ ក្នុងទីវត្តអារាម។ លោកបានបន្ថែមថា ការធ្វើបុណ្យអង្គកឋិនទានសាមគ្គីនេះជា ការរួម ចំណែកមួយក្នុងការលើកស្ទួយ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បើទោះបីជាបច្ច័យទាំងនេះ នៅមានកម្រិតនៅឡើយ ក៏ជាការបង្ហាញ អោយកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ព្រៃណីដ៏ល្អរបស់ខ្មែរយើង ។
លោកប្រធានក្រុមប្រឹក្សាខេត្ត បានប្រសិទ្ធិពរជយ័ដល់មន្ត្រីរាជការ ពុទ្ធបរិស័ទ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លា ចូលរួមថវិកា ក្នុងអង្គកឋិនទាន ដើម្បីចូលរួមកសាងសមិទ្ធផលនានា ក្នុងពុទ្ធសីមា វត្តគិរីវ័ន្តណារាម ដើម្បីតម្កល់ មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេស សូមឲ្យវត្ថុសក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាប្រមុខដឹកនាំប្រទេស ថ្នាក់ដឹកនាំខេត្ត និងប្រជាជនខ្មែរទូទាំងប្រទេស ជួបតែសុខសន្តិភាព និងមានការអភិវឌ្ឍជានិរន្តផងដែរ។
ម្យ៉ាងទៀត លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
ដោយ៖ សូរិយា