ព័ត៌មានទាន់ហេតុការណ៍៖

តាមពិតជនដៃដល់សម្លាប់ជនរងគ្រោះកាលពីថ្ងៃ៣១ ខែតុលានោះ ជារឿងគំនុំសោះមិនមែនប្លន់យកម៉ូតូនោះទេ សមត្ថកិច្ច ឃាត់ខ្លួនបានម្នាក់ហើយក្នុងចំណោមបក្សពួក៣នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ជនរងគ្រោះត្រូវបានស្លាប់យ៉ាងអយុត្តិធម៌ ក្រោយបក្សពួក៣នាក់បងប្អូនបានសម្លាប់នោះគឺជារឿងគំនុំ ធ្វើឲ្យសមត្ថកិច្ចយល់ច្រឡំថាវាយប្លន់យកម៉ូតូទៅវិញ នៅចំណុចភ្នំរមៀត ភូមិសាស្ត្រកោះកេរ្ត៍ ភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១កន្លងមកថ្មីៗនេះ។ ក្រោយការស៉ើបអង្គេតស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលជំនាញ រហូតដល់ឃាត់ខ្លួនជនដៃដល់ម្នាក់ក្នុងចំណោមបក្សពួក៣នាក់  ត្រូវជាបងប្អូនថ្លៃនិងគ្នា ការឃាត់ខ្លួនជនដៃដល់ខាងលើនេះ បានធ្វើឡើង នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភ្នំកំបោរ ភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជុំវិញរឿងនេះលោក វ៉ា សុផាន់ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងដែរថា: ការឃាត់ខ្លួនជនដៃដល់ខាងលើឈ្មោះ ធា សុភា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកហ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ រួមទាំងបក្ខពួក ២នាក់ទៀត ទី១.ឈ្មោះរឿង ស៊ីដា (ហៅសុំ) ទី២.ឈ្មោះសារ សីហា បានរត់គេចខ្លួនសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងតាមរកស្រាវជ្រាវ ដើម្បីយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់។

លោកឌួង ស៊ីវត្ថា នាយការិយាល័យបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះដែរថា: ក្នុងការឃាត់ខ្លួនជនដៃដល់ខាងលើ ធ្វើឡើងនៅចំណុចភ្នំកំបោរ ក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ នៅវេលាម៉ោង១៥,៣០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។ 

លោកបន្តទៀតថា: ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើបានហើយ សមត្ថកិច្ចកំពុងសាកសួរនិងនាំជនសង្ស័យទៅធ្វើត្រាប់ ដល់ទីតាំងធ្វើសកម្មភាពតែម្ដង និងនាំយកម៉ូតូជនរងគ្រោះដែលជាវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ លោកបញ្ជាក់ទៀតថា: តាមចម្លើយជនសង្ស័យខាងលើឆ្លើយសារភាពថា ខ្លួន៣នាក់បងប្អូនថ្លៃរួមគំនិតព្រោះរឿងគំនុំ ដោយសង្ស័យជនរងគ្រោះចេះអាបធ្មប់អាចធ្វើឱ្យមនុស្សស្លាប់បាន។ ជាក់ស្ដែងកន្លងមកឪពុកខ្លួនបានស្លាប់បានជាង១ខែ ថាត្រូវអំពើទើបឪពុកខ្លួនបានស្លាប់។ ដូច្នេះទើបជនសង្ស័យមានការខឹងជាខ្លាំង បានរៀបចំគម្រោងជាមួយនឹងបក្សពួកបងថ្លៃប្អូនថ្លៃ ត្រៀមលក្ខណៈសម្លាប់ជនរងគ្រោះបានសម្រេច  រួចអូសយកសាកសពទៅទម្លាក់នៅមាត់ប្រឡាយ រួចកាប់ស្លឹកឈើគ្រប ដើម្បីបំបាត់ភស្តុតាង ដើម្បីឲ្យសាធារណៈជន មានការយល់ច្រឡំថាជារឿងប្លន់ម៉ូតូ ៕

ដោយ៖ មាស សុផាត


ចែករំលែក៖