ភ្នំពេញ៖ អតីតារាសម្តែង និងជាពិធីករលោក អេង ឬទ្ធី ត្រូវបានគេដឹងថាមានការតែងតាំង និងផ្ដល់មុខតំណែងផ្សេងទៀតពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រសួង ឬស្ថាប័នជំនាញពាក់ព័ន្ធ។ ថ្មីៗនេះដែរទាំងលោក អេង ឬទ្ធី និងភរិយាដែលជាអតីតតារាសម្ដែងអ្នកនាង ស៊ឹម សូលីកា កំពុងមានមុខមានមាត់ខ្លាំងទាំងនៅក្នុងសង្គមសិល្បៈ និងជួររាជរដ្ឋាភិបាល។
កន្លងទៅនេះគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាគឺលោក អេង ឬទ្ធី និងអ្នកនាង ស៊ឹម សូលីកា កំពុងរួមរស់ជុំគ្នាយ៉ាងមានសុភមង្គលជាខ្លាំងបើទោះបីជាពួកគេនៅមិនទាន់មានតំណក់ឈាមរួមគ្នាក៏ដោយ។
អ្វីដែលជាសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកទាំងពីរគឺកិច្ចការងាររបស់ពួកគេកាន់តែល្អប្រសើរនិងមានមុខមាត់ខ្លាំងពិសេសលើមុខងារជាមន្ត្រីរាជការរបស់លោក អេង ឬទ្ធី ដែលមួយរយៈចុងក្រោយនេះលោកទទួលបានការតែងតាំងនូវមុខតំណែងថ្មីជាបន្តបន្តបន្ទាប់រហូតអ្នកក្នុងចង្កោមសិល្បៈដែលជិតដិតផ្ញើសារជូនពរគ្រប់ៗ និងធ្វើឲ្យគេភ្ញាក់ផ្អើលមិនតិចនោះទេ។ មុននេះអតីតតារាសម្ដែង និងជាពិធីកររបស់ស្ថានីយទូរទស្សន៍បាយ័ន អេង ឬទ្ធី ដែលមានឈ្មោះពិតថា ម៉ែន អេង ទើបទទួលបានការចាប់អារម្មណ៍ជាថ្មី ពីមហាជន ក្រោយពីលោកត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងផ្នែកពិធីករ-ពិធីការិនីរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ែន អេង ហៅអេង ឬទ្ធី ត្រូវបានអគ្គនាយិកាក្រុមហ៊ុនបាយ័នព័ត៌មាន លោកស្រី ហ៊ុន ម៉ាណា តែងតាំងជាប្រធានក្រុមពិធីករ-ពិធីការិនីផ្នែកសិល្បៈរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៃក្រុមហ៊ុនបាយ័នព័ត៌មាន។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ផងដែរនោះ។
គេចាំបានផងដែរថាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក អេង ឬទ្ធី ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋាន្ដរសក្ដិពីនាយទាហានថ្នាក់វរសេនីយ៍ ទៅជាឧត្ដមសេនីយ៍ត្រី នៃកងយោធពលខេមរភូមិន្ទ។ជាមួយគ្នានេះដែរកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក អេង ឬទ្ធី ត្រូវបានសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គឺសម្ដេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្ដិឧទ្ទេសបណ្ឌិត ទេព វង្ស ចេញសេចក្ដីសម្រេចតែងទាំងលោក ជាទីប្រឹក្សាផ្ទាល់របស់សម្ដេចផងដែរ៕
ដោយ ៖ វឌ្ឍនា