ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៨ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ដែលបានប្រារព្ធធ្វើ នៅវិមានឯករាជ្យ ស្ថិតក្រោមព្រះរាជធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៨នេះ គឺមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀត។
ថ្ងៃទី៩ ខែវិច្ឆិកា គឺជាថ្ងៃដ៏មានអត្ថន័យជាទីបំផុតសម្រាប់កម្ពុជា ក្រោយទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង។ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏ជាថ្ងៃខួប ៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ពិធីបុណ្យជាតិឯករាជ្យជាតិ ៩ វិច្ឆិកា ត្រូវបានប្រារព្ធធ្វើដើម្បីរំលឹកពីព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូដើម្បីទាមទារឯករាជ្យពេញលេញជូនកម្ពុជា៕
ដោយ ៖ សិលា