ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទខួបលើកទី៦៧។
ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៨ នៅវិមានឯករាជ្យ គឺក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៨នេះ គឺមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀត។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។
ក្នុងឱកាសនេះដែរ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សូមជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សុខ ខេមរា