ខេត្តស្ទឹងត្រែង៖ ស្ងាត់ៗធ្វើឱ្យអ្នកទោសចំនួន៧នាក់លួចធ្វើសកម្មភាពប្រើឧបករណ៍ទម្លាយរបងថ្ម រត់គេចខ្លួនបាត់ដោយសុវត្ថិភាព ទើបមន្ត្រីអនុរក្សពន្ធនាគារដែលយាមកាមនៅទីនោះដឹងភ្លាមៗក៏បានបាញ់សម្លុតចំនួន៤គ្រាប់ដើម្បីបញ្ឈប់ការត់គេចរបស់ពួកគេ តែមិនបានសម្រេចនោះទេ គឺកាន់តែធ្វើឱ្យពួកគេរត់កាន់តែលឿនគេចខ្លួនបាត់អស់។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣ៈ២០នាទី ទៀបភ្លឺឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង/ខេត្តស្ទឹងត្រែង។
បើតាមប្រភពផ្តល់ព័ត៌មានមកថា នៅវេលាម៉ោង៣ជាងទៀបភ្លឺខណៈមន្ត្រីអនុរក្សពន្ធនាគារកំពុងយាមកាមតឹងរុឹងការពារអ្នកទោសក្នុងពន្ធនាគារខាងលើ ក្រោយអ្នកទោសរត់ចេញពីក្នុងរបងពន្ធនាគារហើយទើបដឹងថាអ្នកទោសទាំងនោះវាយជញ្ជាំងទម្លាយទើបចេញរួច ហើយរត់គេចខ្លួន។ ពេលនោះមន្ត្រីអនុរក្សបានប្រើប្រាស់អាវុធបាញ់សម្លុតចំនួន៤គ្រាប់ ដើម្បីគំរាមឱ្យពួកគេបញ្ឈប់ សកម្មភាពរត់តទៅទៀត តែមិនអាចបញ្ឈប់ពួកគេបានទេ គឺធ្វើឱ្យពួកគេរត់កាន់តែលឿនគេចខ្លួនបាត់អស់ក្នុងរយ:ពេលដ៏ខ្លី។
ជុំវិញរឿងនេះលោកឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង បានបញ្ចាក់ថា: ក្រោយអ្នកទោសធ្វើសកម្មភាពរត់ ហើយមន្ត្រីអនុរក្សពន្ធនាគារបានផ្ទុះអាវុធចំនួន៤គ្រាប់ដើម្បីឱ្យអ្នកទោសបញ្ឈប់ការរត់គេច ទើបធ្វើឲ្យផ្អើលដល់សមត្ថកិច្ចសហការចេញប្រតិបត្តិការដើម្បីរុករកអ្នកទោសទាំងនោះភ្លាមៗ។
លោកបន្តថា: បើតាមការពិនិត្យនៅទីតាំងជាក់ស្តែង មន្ត្រីអនុរក្សពន្ធនាគារ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត យោធាបានសហការគ្នាហើយរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួនដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ មានភួយដើម្បីធ្វើសកម្មភាពរុំខ្ទប់វាយមិនឲ្យឮសំឡេងចេញក្រៅ។ លោកបញ្ជាក់ថា: ក្នុងចំណោមអ្នកទោសទាំង៧នាក់មានម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីជួញដូរគ្រឿងញៀន និង៦នាក់ទៀតជាប់ទោសស្រាល។ ក្នុងចំណោមអ្នកទោសរត់គេចខ្លួន៧នាក់ មាន៦នាក់ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចនិងមន្ត្រីជំនាញ បានបន្តសហការគ្នាដុតដៃដុតជើង រុករកស្រាវជ្រាវ និងដេញប៉ផាប់ចាប់ពភីង រហូតដឹងដល់កន្លែងលាក់ខ្លួនក្រុមអ្នកទោសទាំងនោះ ដែលបានឆ្លងទឹកទន្លេមេគង្គយកទូកអ្នកស្រុកអុំឆ្លងមកត្រើយម្ខាង ដើម្បីពួនលាក់ខ្លួនធ្វើឱ្យសមត្ថកិច្ចចម្រុះ ដាក់កម្លាំងហ៊ុមព័ទ្ធអស់២ថ្ងៃ២យប់រហូតក្របួចចាប់បានអ្នកទោសម្នាក់ឈ្មោះទូច វិត កើតឆ្នាំ១៩៨១ ជាអ្នកទោសជួញដូរគ្រឿងញៀន នៅវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិលើ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នអ្នកទោសរូបនេះបាននាំខ្លួនមកសាកសួរ ដើម្បីរកកន្លែងលាក់ខ្លួនបក្ខពួក៦នាក់ទៀត យកមកដាក់ពន្ធនាគារវិញឲ្យខាងតែបាន។
បច្ចុប្បន្នសមត្ថកិច្ចចម្រុះនៅតែបន្តរុករកនៅតាមចំណុច និងគោលដៅនីមួយៗដែលក្រុមអ្នកទោសទាំងនោះកំពុងតែធ្វើសកម្មភាពបំប្លែងខ្លួននៅក្នុងភូមិសាស្ត្រខាងលើ៕
ដោយ៖ មាស សុផាត