ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានយាងចាកចេញពីរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងនោះមានថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ បានអញ្ជើញជូនព្រះរាជដំណើរយាង ព្រះមហាក្សត្រដ៏ច្រើនផងដែរ។
សូមបញ្ជាក់ថា, ព្រះអង្គ បានចេញព្រះរាជសារ មុនពេលព្រះអង្គយាងចាកចេញពីកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអង្គការយូណេស្កូ នៅទីក្រុងប៉ារីសប្រទេសបារាំង ដោយបញ្ជាក់ថា,
– សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
– សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅ
-ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកសី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមក្នុងពិធីបើកសម័យប្រជុំមហាសន្និបាត លើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង ។
នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជា ប្រមុខ រដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចប្រមុខរដ្ឋ ស្ដីទី នឹងអញ្ជើញជាព្រះរាជតំណាងនៃទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយព្រះពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរ៉ានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកប តែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមសម្តែងនូវអំណរព្រះគុណ និងអរគុណ ជាអនេកប្បការ ។
សូមបញ្ជាក់ថា, កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ,តបតាមការយាងរបស់លោកស្រី អូដេ្រយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកាន អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា នឹងយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើក ទី៧៥នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំងពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ និង រដ្ឋាភិបាលជា ច្រើនរូប ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងថ្លែងព្រះរាជ សុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការនៃមហាសន្និបាតនេះ ដោយផ្តោតលើសមិទ្ធផល សំខាន់ៗនៃអង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ អង្គការយូណេស្កូ បានរួមចំណែកយ៉ាងសំខាន់ ដល់ការលើកតម្កើងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នា នៅក្នុងពិភពលោក តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការពហុភាគី៕
ដោយ៖ សុខ ខេមរា