ព័ត៌មានទាន់ហេតុការណ៍៖

ទីលានតេជោគឺជាសមិទ្ធផលថ្មី ជាកន្លែងសម្រាប់ប្រជាពលរដ្ឋភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្ត

ចែករំលែក៖

 ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យការដ្ឋានទីលានតេជោដែលកំពុងដំណើរការ សាងសង់ ស្ថិតនៅតាមបណ្តោយវិថីតេជោក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកអភិបាលខេត្តបានមានប្រសាសន៍ថា រដ្ឋបាលខេត្តខំចំណាយថវិកាក្នុងការកសាងឡើងយ៉ាងច្រើន ហើយប្រសិនបើអ្នកមិនបានចូលរួមកសាងសូមមេត្តាកុំបំផ្លិចបំផ្លាញ ព្រោះវាជាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា។

ក្នុងនោះលោកបានសង្កត់ធ្ងន់ថាកន្លងមកថ្មីៗនេះមានជនខិលខូចបានលួចកាត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនៅតាមបណ្តោយផ្លូវលេខ៨០០ និងផ្លូវលេខ៨៣៥ ដោយយើងបានខិតខំតភ្ជាប់រួចហើយនៅតែមានអ្នកលួចកាត់បំផ្លាញជាបន្តបន្ទាប់។ដូចនេះលោកសូមអំពាវនាវដល់អ្នកទិញត្រូវបញ្ឈប់ការទិញផលចោរកម្មដែលជាការបំផ្លិចបំផ្លាញនូវសមិទ្ធផលរបស់យើងហើយការកាត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនេះវាបង្កឱ្យមានផលលំបាកក្នុងការធ្វើដំណើរនៅពេលយប់របស់ប្រជាពលរដ្ឋនិងអាចជួបគ្រោះថ្នាក់ផ្សេងៗថែមទៀតផងដែរ។ ដូច្នេះយើងត្រូវចូលរួមថែរក្សាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ក្រាលក្រានីតត្រូវពន្លឿនក្នុងការងារសាងសង់ឱ្យបានលឿនតាមផែនការស្របតាមស្តង់ដារតាមបច្ចេកទេស និងធានាគុណភាពខ្ពស់ក្នុងការប្រើប្រាស់បានយូរអង្វែង ព្រមទាំងរៀបចំទីតាំងដំឡើងបង្គោលភ្លើង និងអូសខ្សែភ្លើងស្របពេលការដ្ឋានកំពុងសាងសង់ ហើយបន្ទាប់ពីក្រាលក្រានីតរួចគឺនឹងមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរដើរលេងកម្សាន្ដ និងហាត់ប្រាណតាមបណ្ដោយវិថីតេជោរបស់យើង ។ ព្រោះទីលាននេះសម្រាប់ធ្វើព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ហើយក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្តផងដែរ ៕

ដោយ៖ឆ្លាមសមុទ្រ


ចែករំលែក៖