ភ្នំពេញ ៖ លោក នេត ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ឈ្លូស (Red muntjac) ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក។ សត្វឈ្លូសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។
លោកបន្តថា, រហូតមកទល់នឹងពេលនេះ មិនមានទិន្នន័យច្បាស់លាស់ថានៅលើពិភពលោកមានសត្វឈ្លូសប៉ុន្មានក្បាលឡើយ ប៉ុន្តែយោងតាមការសិក្សារបស់អ្នកជំនាញ ចំនួនសត្វឈ្លូសមាននិន្នាការធ្លាក់ចុះ។ សម្រាប់ ប្រទេសកម្ពុជា នៅប្រទេសកម្ពុជា សត្វឈ្លូសសម្បូណ៌ស្ទើរគ្រប់ទីកន្លែង តែមិនមានអាចប៉ាន់ស្មានដឹង ចំនួនពិតប្រាកដឡើយ។ ប៉ុន្តែយោងតាមការរបាយការណ៍ការសិក្សារវាងក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS លើរបាយសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរីកាលពីឆ្នាំ២០២០ កន្លងទៅ បានរកឃើញថា ប្រភេទសត្វមួយចំនួនមានការកើនឡើង និងខ្លះមានចំនួនថេរ និងខ្លះមានការធ្លាក់ចុះ ហើយក្នុងចំណោមប្រភេទសត្វដែលមានចំនួនធ្លាក់ចុះដូចជាទន្សោង ខ្ទីង រមាំង ប្រើសជាដើមនោះ សត្វឈ្លូសក៏ត្រូវ បានរកឃើញថាមានការធ្លាក់ចុះក្នុងរយពេល ១០ ឆ្នាំមកនេះ ពោលគឺនៅឆ្នាំ ២០១០ នៅដែនជម្រកសត្វព្រៃកែវសីម៉ា អ្នកជំនាញប៉ាន់ស្មានថាមានសត្វឈ្លូសប្រមាណ ៣៤២០ ក្បាល តែនៅឆ្នាំ ២០២០ មានប្រមាណ ៧៣០ ក្បាលប៉ុណ្ណោះ។
ប្រភេទនេះកំពុងប្រឈមនឹងរងគ្រោះថ្នាក់ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារតែពពួកសត្វស៊ីសាច់ជាអាហារ។ តាមការសិក្សារបស់អ្នកជំនាញ ឈ្លូសអាចរស់នៅគ្រប់ប្រភេទព្រៃ។ ឈ្លូសបន្លឺសំឡេងខ្លាំងនិងតតបគ្នារហូតដល់រយៈពេល ១ ម៉ោង ប្រសិនបើវាជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះអាចឮរហូតដល់ ១ គីឡូម៉ែត្រ។ ចំណីរបស់វាមានដូចជាមែកឈើតូចៗ ពិសេសស្លឹករុក្ខជាតិ ផ្លែឈើដែលធ្លាក់និងដំណុះកូនឈើ។ នៅតំបន់ខ្លះ វាធ្វើសកម្មភាព និងចេញរកចំណីនៅពេលថ្ងៃ ប៉ុន្តែវាអាចធ្វើសកម្មភាពនិងរកចំណីពេញមួយយប់ ប្រសិនបើមានការរំខាន។ រដូវបន្តពូជប្រព្រឹត្តទៅនៅខែធ្នូ រហូតដល់ខែមករា និងផ្តល់កំណើតកូនមួយក្បាល ជួនកាលភ្លោះ ប៉ុន្តែកម្រមានណាស់។
ក្នុងប្រភេទជម្រុះស្នែង សត្វឈ្លូសជាប្រភេទសត្វដែលមានមាឌតូច និងមានស្នែងខ្លីប្រវែងពី ១០-១៥ សង្ទីម៉ែត្រ ព្រមទាំងប្រវែងខ្នែងមិនលើសពី ៥ សង្ទីម៉ែត្រ។ ឈ្លូសញីគ្មានស្នែងដូចឈ្លូសឈ្មោលទេ គឺគ្រាន់តែលេចចេញជាដុំពក ឆ្អឹងតូចនៅពីលើក្បាលជាមួយរោមកញ្ចុំប៉ុណ្ណោះ។ ឈ្លូសញីនិងឈ្មោលមានចង្កូមដូចគ្នា ប៉ុន្តែឈ្មោលមានលក្ខណៈវែងជាង ដែលជាទូទៅវាប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយគូប្រជែង នៅពេលដណ្តើមញីនៅរដូវបន្តពូជ។ វាមានរោមពណ៌ត្នោត លឿង ហើយមានភាពស្រគាំនៅផ្នែកខាងលើ និងព្រលែតនៅផ្នែកខាងក្រោម។ នៅលើផ្ទៃមុខបង្ហាញនូវខ្សែឆ្នូតពណ៌ខ្មៅស្ថិតនៅជាប់ចង្អូរស្នែងទាំងពីរ។ នៅខាងលើកន្ទុយមានពណ៌ក្រហម និងខាងក្រោមមានពណ៌ស។
ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយអង្គការដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិពង្រឹងការអនុវត្តច្បាប់ និងបង្កើនកិច្ចការអភិរក្ស ក៏ដូចជាការស្វះស្វែងរកដំណោះស្រាយ និងជម្រើសផ្សេងៗដល់ ប្រជាពលរដ្ឋរស់នៅតាមតំបន់ការពារធម្មជាតិដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងធនធានធម្មជាតិ។ ក្រសួងបរិស្ថានក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដើម្បីបញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់ និងងាកមកចូលរួមការពារនិងអភិរក្សជីវៈចម្រុះទាំងនេះសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕
ដោយ ៖ សិលា