ព័ត៌មានទាន់ហេតុការណ៍៖

សាំយ៉ុងពន្លះម៉ូតូយ៉ាម៉ាហាR-15ពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលគាត់កំពុងធ្វើដំណើរដោយជិះម៉ូតូហើយត្រូវបានរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងបុកពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០និង៥០នាទីយប់ ស្ថិតនៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ​៨៦-៨៧ ក្នុងភូមិឫស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តនឹងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា។

ដោយរថយន្តម៉ាកសាំយ៉ុង ពណ៌បៃតង ពាក់ស្លាកលេខ​ តាកែវ​ 2A-9708 (អ្នកបើកបរគេចខ្លួនបាត់)​ បានបើកបរមកពីទិសខាងលិច លុះបើកបរមកដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយម៉ូតូម៉ាកយ៉ាម៉ាហាអ៊ែ15 (YAMAHA R-15) ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ 1IT-4568 បើកបរដោយឈ្មោះ ឡុង​ សុខកេត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរយោធានៅភូមិកំពង់ត្រឡាច សង្កាត់ជ្រៃធំ ក្រុងកែប ខេត្តកែប ដោយបុកចំពីមុខពេញទំហឹងធ្វើឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ដែលបើកបរមកពីទិសផ្ទុយគ្នា។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា មូលហេតុបណ្តាលមកពីការបើកបរក្នុងល្បឿនលឿនបាត់បង់ម្ចាស់ការ។

ក្រោយកើតហេតុកម្លាំងជំនាញនគរបាលស្រុកត្រាំកក់បានយករថយន្តនិងម៉ូតូដែលរងការខូចខាតនោះមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកនិងកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី។ចំណែកសពបានប្រគល់ជូនដល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ស សម


ចែករំលែក៖