ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃបុណ្យអុំទូកទី២ មានភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកម្សាន្តនៅខេត្តកំពត មានចំនួនច្រើន !

ចែករំលែក៖

ខេត្តកំពត ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃបុណ្យអុំទូកទី២ គឺមាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទៅតំបន់កម្សាន្តនៅខេត្តកំពតមានចំនួនច្រើន  ហើយសមត្ថកិច្ច អាជ្ញាធរក៏មមាញឹកជួយសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ ជូនភ្ញៀវជាតិ-អន្តរជាតិផងដែរ ដោយបញ្ជាក់ថា គ្រប់យ៉ាងដេីម្បីការពារសន្តិភាព​ ដេីម្បីការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ​ធ្វេីដំណេីរកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក​។

បើតាមការបញ្ជាក់ឱ្យដឹងពីលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១បានបញ្ជាក់ប្រាប់ថា កាលពីម្សិលមិញ មានភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកម្សាន្តតាមតំបន់នានានៅខេត្តកំពតមានចំនួនដល់ទៅ១៥,៨៤០ នាក់ ។ 

លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរមានភាពផុសផុលនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ទូទាំងប្រទេស រាប់ទាំងគោលដៅទេសចរណ៍វប្បធម៌ តំបន់ឆ្នេរ អេកូទេសចរណ៍ កសិ-ទេសចរណ៍ និងរមណីយដ្ឋានកែច្នៃបែបលក្ខណៈគ្រួសារជាដើម។ តាមការវាយតម្លៃបឋម ភ្ញៀវទេសចរនឹងមានចំនួនកាន់តែច្រើននៅថ្ងៃទី២និងទី៣ នៃព្រះរាជពិធីបុណ្យអុំទូកនេះ។

តាមរយៈផេកក្រសួងទេសចរណ៍ដដែល លោករដ្ឋមន្ត្រីបានបន្តថា បើទោះបីជាពុំមានការប្រារព្ធពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ក៏ប្រជាពលរដ្ឋនៅតែដើរកម្សាន្តច្រើននៅមុខព្រះបរមរាជវាំង ខណៈដែលកន្លែងខ្លះក៏មានការរៀបចំការប្រណាំងទូកខ្នាតតូច ដូចជានៅកោះប្រាក់ ស្រុកកៀនស្វាយក្នុងខេត្តកណ្តាល និងនៅបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យជាដើម ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្តបានតុបតែងលម្អទីរួមខេត្ត និងទីប្រជុំជននានាឲ្យមានសោភណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តទៀតថា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរមួយចំនួនបានចេញដំណើរទៅតាមខេត្តតាំងពីល្ងាចថ្ងៃម្សិលមិញ ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗមានសភាពកកកុញ ពិសេសផ្លូវជាតិលេខ៦ឆ្ពោះទៅខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តគោលដៅភាគខាងជើង និងភាគពាយព្យ និងផ្លូវជាតិលេខ៣ឆ្ពោះទៅខេត្តកែប និងខេត្តកំពត។ នាល្ងាចថ្ងៃព្រហស្បតិ៍ ចរន្តភ្ញៀវចូលទៅគោលដៅខេត្តសំខាន់ៗ ដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីជាដើមនៅតែមានភាពកកកុញពេញដោយភ្ញៀវទេសចរ ខណៈដែលភ្ញៀវទេសចរមួយចំនួនបាននិងកំពុងដើរកម្សាន្តច្រើនគោលដៅឆ្លងពីខេត្តមួយទៅខេត្តមួយ។

ដោយឡែកលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត ខណៈកំពុងដឹកនាំកម្លាំងដេីម្បីការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ​ធ្វេីដំណេីរកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ថ្ងៃបុណ្យអំុទូក លោកក៏ថ្លែងថា : សូមបងប្អូនបើកបរដោយការទទួលខុសត្រូវនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមរម្លឹកថា ដើម្បីសុវត្ថិភាព សុខភាព សូមបងប្អូនជនរួមជាតិបើកបរគោរពច្បាប់ចរាចរណ៍ យោគយល់គ្នា និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ  ៣ការពារ  តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ គឺជៀសផុតពីជំងឺកូវីដ-១៩ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖