ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៖ ពិភពលោកនៅតែប្រឈមនឹងបញ្ហាស្មុគស្មាញផ្សេងៗទៀតចំនួន៥ !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ  ហ៊ុនសែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក្រោមមូលបទ ” ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤ បានលើកឡើងថា, ទោះជាយ៉ាងនេះក្តី ពិភពលោកនៅតែប្រឈមនឹងបញ្ហាស្មុគស្មាញផ្សេងៗទៀត ដែលរួមមាន : (១). ការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និងច្រវាក់ផលិតកម្មសកល (២), ការលេចឡើងកាន់តែច្បាស់ នូវប្រព័ន្ធពហុប៉ូល និងភាពតានតឹងភូមិសាស្ត្រនយោបាយ (៣). ការធ្លាក់ចុះផលិតភាពសកល (៤). ការកើនឡើងនៃវិសមភាពសង្គម និងភាពក្រីក្រ (៥). ចរន្តកាន់តែខ្លាំង និងលឿន នៃការផ្លាស់ ទីតាំងរោងចក្រផលិតកម្ម ដែលបង្កឡើងដោយសារឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និង (៦), ការកើនឡើងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាដើម ។ ក្នុងបរិការណ៍នេះ ខ្ញុំសូមយកឱកាសនេះ លើកឡើងនូវទស្សនៈមួយចំនួន ដែលយើងត្រូវយកចិត្តទុកដាក់ សំដៅស្ដារ ឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដូចខាងក្រោម ៖

ទី១. ក្នុងក្របខណ្ឌពហុភាគី យើងសង្កេតឃើញថា ប្រទេសមួយចំនួននៅមានទស្សនៈ ខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តំបន់ និង សកល ។ ក្នុងន័យនេះ យើងមានភាពចាំបាច់ត្រូវពង្រឹងសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ ប្រជាពលរដ្ឋជាធំ ដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់ វិស័យ និងពន្លឿនការតភ្ជាប់រវាងសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់យើង ប្រកបដោយចីរភាព និងបរិយាបន្ន ។

ទី២. ពាណិជ្ជកម្មអន្តរជាតិ គឺជាក្បាលម៉ាស៊ីនមួយសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន ។ ជាមួយនឹងនិន្នាការនៃផ្លាស់ប្តូរនៅក្នុងពាណិជ្ជកម្ម និងខ្សែច្រវាក់ ផ្គត់ផ្គង់សកល ខ្ញុំយល់ឃើញថា តំបន់យើងទាំងពីរ ត្រូវតែបង្កើនការយកចិត្តទុកដាក់លើការគាំទ ប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ជាពិសេស ការជំរុញការធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលុបបំបាត់របាំងសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីទាញយកសក្តានុពល ជាអតិបរមាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាស៊ី-អ៊ឺរ៉ុប ។

ទី៣. ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី នឹងជំរុញកាន់តែខ្លាំងដល់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការរស់នៅ ការអភិវឌ្ឍឧស្សាហកម្ម និងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច ។ អាស្រ័យហេតុនេះ យើងត្រូវរួមគ្នាទាញយកប្រយោជន៍ ពីបដិវត្តន៍ឧស្សាហកម្មទី៤ នេះ ឱ្យបានជាអតិបរមា ជាពិសេសសម្រាប់ប្រទេស ដែលមានកម្រិត នៃការអភិវឌ្ឍសេដ្ឋកិច្ចតិចតួច ដោយត្រូវផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាល និងសេដ្ឋកិច្ច ឌីជីថល ដើម្បីបង្កើតជាចន្ទល់កំណើនសេដ្ឋកិច្ចមួយថ្មី ដែលរឹងមាំ ។

ទី៤. ជាមួយគ្នា ការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក៏ជាកិច្ចការអាទិភាព ដ៏សំខាន់មួយផងដែរ ។ ប្រការនេះ ទាមទារនូវការលើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍធនធាន មនុស្ស និងជំរុញឱ្យមានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ស្របតាមគន្លងប្រក្រតីថ្មី ដោយផ្តោត ជាសំខាន់លើការជំរុញដល់ការចាប់យកសក្តានុពលពីបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់ បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាដើម តាមរយៈការលើក កម្ពស់ការទទួលបានការគាំទ្រ ទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន ។

ទី៥. ការជំរុញការអភិវឌ្ឍបៃតង ក៏ជាមូលដ្ឋានគ្រឹះនៃការទ្រទ្រង់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច សម្រាប់រយៈពេលវែង ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ ទៅនឹងអាកាសធាតុ ។ ក្នុងន័យនេះ យើងត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុង ក្របខណ្ឌតំបន់ និងសកល ដើម្បីជំរុញការអភិវឌ្ឍបៃតងនេះ ជាពិសេស ការជំរុញវិស័យឯកជន ឱ្យបង្កើនការវិនិយោគបៃតង ពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក្នុងគ្រប់វិស័យពាក់ព័ន្ធ និងលើក ទឹកចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង ៕

ដោយ ៖ សិលា


ចែករំលែក៖