កោះសូឡូម៉ុន៖ កម្លាំងប៉ូលិសនិងទាហាន ព្រមទាំងមន្ត្រីការបរទេសរបស់ប្រទេសអូស្ត្រាលីបានបញ្ជូនទៅកាន់កោះ Solomon ដើម្បីទប់ស្កាត់អំពើហិង្សាពាក់ព័ន្ធការធ្វើបាតុកម្មនៅលើកោះនេះ។
សារព័ត៌មាន RT បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីអូស្ត្រាលីដែលបានបញ្ជាក់ថា ក្រុមសន្តិសុខរួមមានប៉ូលិស៧៥នាក់ ទាហាន៤៣នាក់ និងមន្ត្រីការបរទេស៥នាក់ បានធ្វើដំណើរទៅកាន់កោះ Solomon ដើម្បីជួយរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងប្រទេសនេះ ក៏ដូចជាជួយដល់កោះនេះការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ក្រុមសន្តិសុខនិងមន្ត្រីអូស្ត្រាលីអាចបន្តនៅលើកោះ Solomon ជាច្រើនសប្តាហ៍ដើម្បីដោះស្រាយបញ្ហាមួយចំនួន។ កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលកោះ Solomon បានកាត់ផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ហើយបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។
នៅថ្ងៃទី២៦ខែវិច្ឆិកា ក្នុងពេលក្រុមសន្តិសុខអូស្ត្រាលីទៅដល់កោះSolomon នាយករដ្ឋមន្ត្រី Sogavareបញ្ជាក់ថា ការធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលដោយសារតែមានឥទ្ធិពលពីប្រទេសខាងក្រៅ ប៉ុន្តែលោកមិនបានបញ្ជាក់ថាប្រទេសណាឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីអំពើហិង្សាទៅលើពលរដ្ឋចិន ពិសេសគឺក្រុមកម្មករ។ ទន្ទឹមនឹងនោះចិនបានអំពាវនាវដល់ប្រទេសកោះមួយនេះសូមមានវិធានការការពារសន្តិសុខជូនពលរដ្ឋចិនផង៕ ដោយ៖ធីរីណា
រូបថត៖RT