ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដំណើរការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២០ នៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយនឹងបេក្ខជនជិត១០០០នាក់ដោយត្រូវជ្រើសរើសយកចំនួន៥៩នាក់។
ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសាប្រឡងដោយលោកប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ, លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ការប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនេះ គឺដើម្បីយកទៅបម្រើការងារនៅអង្គភាពនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថិរវលានៃការប្រឡងដូចខាងក្រោម៖
១-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ (រយៈពេល០២ម៉ោង)៖ – ជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស ។
២-ក្របខ័ណ្ឌមន្ត្រីក្រមការ (រយៈពេល០២ ម៉ោង)៖ – ជំនាញឯកទេស (កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស។
៣-ក្របខ័ណ្ឌលេខាធិការរដ្ឋបាល (រយៈពេល០២ម៉ោង)៖ – ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា បេក្ខជនដែលប្រឡងជ្រើសរើសចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ ២០២០នេះមានចំនួន៩៨១រូប ស្រី៣៨៥រូប មានចំនួន៦៦បន្ទប់ ដោយត្រូវជ្រើសរើសយកចំនួន៥៩រូប ក្នុងនោះសម្រាប់រដ្ឋបាលរាជធានីភ្នំពេញចំនួន១៩រូប (រួមមានក្របខ័ណ្ឌ(ក) ៩រូប, (ខ)៥រូប និងលេខាធិការដ្ឋានរដ្ឋបាលចំនួន៥រូប) ។ ចំណែកចំនួន៤០នាក់ទៀតជ្រើសរើសសម្រាប់ក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលមានដូចជា(ក្របខ័ណ្ឌ(ក)១៤រូប, (ខ)១៧រូបនិង(គ)៩រូប ។
ចំពោះការប្រលងនេះបេក្ខជនត្រូវបានអនុវត្តវិធានការសុខាភិបាលផងដែរ ដែលមានដូចជា ពាក់ម៉ាស់គ្រប់ពេល (លើកលែងតែពេលមន្ដ្រីអនុរក្សស្នើសុំឱ្យដោះម៉ាស់) ឆ្លងកាត់ការវាស់កម្តៅ រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយអាល់កុល និងត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនការចូលក្នុងបរិវេណមណ្ឌល ប្រឡង៕
ដោយ ៖ សំរិត