ព័ត៌មានទាន់ហេតុការណ៍៖

តុលាការបើកកញ្ចប់គ្រឿងញៀនស្ត្រីថៃម្នាក់ករណីដឹកជញ្ជូនគ្រឿងញៀនជិត២គីឡូក្រាមឆ្លងកាត់៣ប្រទេសចូលមកកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកស្រី យី សុខវួច នៅព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២១ បានចេញដីកាបង្គាប់ឱ្យមន្ត្រីពន្ធនាគារព្រៃស(ម២) នាំខ្លួនស្ត្រីជាជនត្រូវចោទជនជាតិថៃម្នាក់យកមកតុលាការដើម្បីបើកកញ្ចប់គ្រឿងញៀនជិត២គីឡូក្រាម ដោយឆ្លងកាត់៣ប្រទេស គឺចេញពីប្រទេសម៉ាលី ប្រទេសអេត្យូពី និងប្រទេសកូរ៉េខាងត្បូង ចូលមកប្រទេសកម្ពុជាក៏ជាប់អន្ទាក់សមត្ថកិច្ចនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

ជនត្រូវចោទឈ្មោះ SINEE SAISUWAN  ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែន លេខAB3676188  ជាប់ចោទពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជានោះដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត២គីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅវេលាម៉ោងខាងលើកម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ច្រកអ្នកដំណើរមកដល់) និងដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនមួយករណីនេះ ។ លទ្ធផលឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ SINEE SAISUWAN  ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែន លេខAB3676188។ក្នុងនោះសមត្តកិច្ចចាប់យកវត្ថុតាងរួមមាន ៖ សារធាតុញៀនប្រភេទកូកាអុីន(COCAINE)ទម្ងន់សុទ្ធ១គីឡូក្រាម និង៩៨៩.១ក្រាម ដែលជនសង្ស័យបង្កប់លាក់នៅបាតវ៉ាលិស 

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖