ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសំណុំរឿងជនត្រូវចោទ៣នាក់ បន្ទាប់ពីសមត្ថកិច្ចខណ្ឌច្បារអំពៅបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងប្រើប្រាស់អាវុធខុសច្បាប់។
ជនត្រូវចោទទី១-ឈ្មោះ ស៊ឹម ចិត្រា ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានដីកាចាប់ខ្លួនលេខ ៥៩០ ដចន ចុះថ្ងៃទី ៣០.០៨.២០១៨ ចេញដោយលោក តុប ឈុនហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ។
២-ឈ្មោះ អ៉ឹម សុវិចិត្រ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
៣-ឈ្មោះ ខាត់ ឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។ អ្នកទាំង០៣នាក់ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមរំលឹកថា នៅថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ត្រង់ចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទចាប់តាមដីកា និងជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងប្រើប្រាស់អាវុធ ខុសច្បាប់។
ក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជា៖ ម្សៅក្រាមពណ៌សថ្លា ១១ថង់តូច, អាវុធខ្លី០១ដើមម៉ាក កា៥៩ (K 59) លេខ ៧៦៧៦, បង់ចំនួន ០១ និងគ្រាប់ចំនួន០២គ្រាប់។
បច្ចុប្បន្នជនត្រូវចោទទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា