ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបសម្ដែងការគួរសម លោក ង្វៀន ហ៊ុយតាំង(Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ដែលទើបផ្លាស់ថ្មី

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន អនុញ្ញាត និងទទួលជួបសម្ដែងការគួរសម លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណៈសង្គមនិយមវៀតណាមថ្មីប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។ 

    ថ្លែងក្នុងឱកាសនោះ លោកស្រី ក៏បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃប្រទេសវៀតណាម និងបានលើក ឡើងអំពីចំណងមិត្តភាព និងកិច្ចសហប្រត្តិបត្តិការនៃប្រទេសទាំងពីរដែលបានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យតាំងពីអតីត កាលរហូតដល់បច្ចុប្បន្ន ព្រមទាំងបានលើកឡើងអំពីស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ដែលបានចូលរួមក្នុងការគាំទ្រដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលក្នុងការរំដោះភាគខាងត្បួងផងដែរ។

       លោកស្រីម៉ែន សំអន បានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកបេសកកម្ម របស់ លោក អគ្គរដ្ឋទូតថ្មី នាពេលនេះ នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ពិសេសខាងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍន៍ជិវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន តាមរយៈនៃការសង្ឃឹមទុកថា នឹងមានការបើកព្រំដែនប្រទេសទាំងពីរឡើងវិញ ប្រសិនបើបញ្ហាជំងឺកូវីដ១៩នឹងថមថយ តាមរយៈការគ្រប់គ្រង ការពារ ការរីករាលដាល ។

    លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang)  បានសំដែងការចាប់អារម្មណ៍ចំពោះការរីកចំរើននៅកម្ពុជានាពេលបច្ចុប្បន្ន បើ ប្រៀបទៅនឹងប្រទេសជាតិបានរំដោះចេញពីរបប ប៉ុល ពត នាថ្ងៃរំដោះ៧ មករា ១៩៧៩ គឺមានភាពខុសគ្នាដាច់ស្រឡះ ព្រោះឯកឧត្តម ក៏ជាសាក្សីមួយរូបដែលធ្លាប់បានមកដល់កម្ពុជាកាលពីឆ្នាំ១៩៨០ ។ ជាពិសេស ជាង នេះទៅទៀតនោះ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang)  បានកោត សរសើរចំពោះការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការ ការពារទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈ ការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ឬការស្រោចវ៉ាក់សាំងជូនដល់ប្រជា ជនកម្ពុជារហូតសម្រេចជិត១០០ភាគរយ នៃចំនួនប្រជាជនសរុប ដែលជាកត្តាជោគ ជ័យមួយមិនត្រឹមកម្ពុជាខ្លួនឯងទេ គឺបានចែករំ លែកជាបទពិសោធន៍ដល់ប្រទេសនានានៅលើសកលលោក ក៏ដូចជាការផ្តល់វ៉ាក់សាំងមួយចំនួនជួយដល់ប្រជាជនវៀតណាម និងប្រទេសជិតខាងទៀតផង ដែលនេះជាសេចក្តីសង្ឃឹមទុកមួយដ៏ធំធេងក្នុងបើកប្រទេសឲ្យដំណើរការឡើងវិញ នឹងឈានទៅដល់ការបើកច្រកព្រំដែនរវាងកម្ពុជា វៀតណាមផងដែរ ។

       ជាការឆ្លើយតបលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងនូវមោទនភាពមួយ ដែលរដ្ឋាភិបាលវៀតណាម បានចាត់តាំងឲ្យលោក មកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាសាក្សីមួយរូបបានដឹង និងបានឃើញផ្ទាល់ក្នុងគ្រាប្រទេសកម្ពុជា បានចាប់ផ្តើមចេញពីចំណុចសូន្យរហូតដល់មានសមិទ្ធិផលដ៏ធំធេងនាពេលនេះ ដែលកើតចេញពីការខិតខំតស៊ូគ្រប់យ៉ាង របស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកអាយុជីវិត ទៅប្តូរដើម្បីភាពរស់ឡើងវិញរបស់ប្រជាជន និងប្រទេសកម្ពុជា ។

     លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ក្នុងនាមប្រមុខដឹកនាំរាជ រដ្ឋាភិបាលកម្ពុជា នឹងចូលរួមសហការជាមួយលោក ឯកអគ្គរដ្ឋទូតនៅក្នុងបេសកកម្មការទូតនៅកម្ពុជាឲ្យទទួលបានជោគជ័យ ៕

ដោយ ៖ សំរិត


ចែករំលែក៖