ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ (APPF29)

ចែករំលែក៖

ភ្នំពេញ÷ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកសួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា ការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក លើកទី២៩ (APPF29) ដែលសភានៃសាធារណរដ្ឋកូរ៉េ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ តាមរយៈប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

កិច្ចប្រជុំប្រចំាឆ្នាំAPPF លើកទី២៩ បានប្រារព្ធពិធីបើកជាផ្លូវការនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន APPF លើកទី២៩ ក្រោមមូលបទ «តួនាទីសភាក្នុងការពង្រឹងភាពធន់ក្រោយសម័យកូវីដ-១៩»។

នៅក្នុងពិធីបើកនេះ​ មានសភានៃបណ្តាប្រទេសជាសមាជិកចំនួន ១៧ប្រទេស​ អញ្ជើញចូលរួម។ សមាសភាពសមាជិកគណៈប្រតិភូសភាកម្ពុជាដែលចូលរួមពិធីបេីករួមមាន​ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា,លោកស្រីឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា,លោកខៀវ មុត អនុប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា,លោក ឆាយ វណ្ណា លេខាធិការគណៈ កម្មការទី៥ នៃព្រឹទ្ធសភា,លោកទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា,លោកស្រី កុប ម៉ារីយ៉ាស សមាជិកាគណៈកម្មការទី៥ នៃរដ្ឋសភា,លោក ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្គរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Par liamentary Forum” ហៅកាត់ថា (APPF) បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ (APPF) គឺជាអង្គការសភា ដែលបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយអតីតនាយករដ្ឋមន្រ្តីប្រទេសជប៉ុន គឺលោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូនិ (YA SUHIRO NAKASONE )។ សមាជិកដំបូងរបស់ APPF មានតែ៩ប៉ុណ្ណោះ។ សមាជិក៩ដំបូងនោះមាន អូស្រ្តាលី កាណាដា ឥណ្ឌូណេស៊ី ជប៉ុន ណូវែលហ្សឡង់ ហ្វីលីពីន សាធារណរដ្ឋកូរ៉េ សិង្ហបុរី និងសហរដ្ឋអាមេរិក។

សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន (APPF) មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។

សមាជិកAPPF ត្រូវបានបែងចែកទៅតាមអនុតំបន់ទំាង៤ មានៈ
-តំបន់អាស៊ីខាងកើត ភាគខាងជើង មាន០៥ប្រទេស គឺ ប្រទេសចិន ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុងហ្គោលី និងសហព័ន្ធរុស្ស៊ី។
-តំបន់អាស៊ីអាគ្នេយ៍ មាន៨ប្រទេស គឺ ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម។ ចំណែកប្រទេស នីហ្គារ៉ា និងប្រ៊ុយណេ ជាប្រទេសអ្នកសង្កេតការណ៍។
-តំបន់អូសេអានី មាន០៦ប្រទេស គឺ អូស្រ្តាលី ហ្វីជី រដ្ឋសហព័ន្ធក្រនេស៊ី ណូវែលហ្សឡង់ ប៉ាពូញ៉ូហ្គីនៀ សាធារណរដ្ឋប្រជុំកោះម៉ារសល។
-តំបន់អាមេរិកការ មានចំនួន៨ ប្រទេស មាន កាណាដា ឈីលី កូឡំប៊ី មិកសិកកូ ប៉េរូ សហរដ្ឋអាមេរិក អេក្វាឌ័រ កូស្ការីការ៕

ដោយ៖ សូរិយា


ចែករំលែក៖