ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍បុករថយន្តស្ទូចពីក្រោយគាបជាប់គ្នា

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តស្ទូចមួយគ្រឿងខណៈបេីកបរបត់ឆ្លងផ្លូវស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍បេីកមកពីក្រោយបុកពេញទំហឹងបណ្តាលគាបជាប់គ្នាបែកធុងប្រេងហៀរពេញផ្លូវ​ ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២១​ នៅចំណុចមុខសាលាបឋមសិក្សាទួលកី​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងភូមិព្រៃកី​ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3D -8663 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែស៊ីញ៉ូបត់ឆ្វេងបំណងត្រឡប់ទៅក្រោយវិញ ភ្លាមៗនោះស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជីបម៉ុង​ ពាក់ស្លាកលេខភ្នំពេញ5A-1259 បេីកមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យគាបជាប់គ្នានិងធ្វេីឱ្យរថយន្តស្ទូចបែកធុងប្រេងហៀរពេញផ្លូវ។ 

ក្រោយកេីតហេតុសមត្ថកិច្ចចរាចរណ៍បានគូសវាសនិងឱ្យរថយន្តទាំងពីរគ្រឿងអែបខាងសិនដេីម្បីធ្វេីការសម្របសម្រួលគ្នា។ 

ជុំវិញករណីនេះដែរ​ ដោយសារតែប្រេងហៀរពេញផ្លូវជាតិធ្វេីឱ្យម៉ូតូអ្នកដំណេីរមួយចំនួនបានរអិលដួលតែមិនរងរបួសធ្ងន់ធ្ងរនោះទេ​។ បន្ទាប់មកសមត្ថកិច្ចបានយកដីមកបាចលុបប្រេងជៀសវាងបង្កគ្រោះថ្នាក់បន្តទៀត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖