ភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមប្រព័ន្ធវីដេអូ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការ ចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៩ នឹងពិនិត្យមើលឡើងវិញនូវ វឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកន្លងមក និងដាក់ចេញនូវទិសដៅ អនាគតនៃទំនាក់ទំនងទ្វេភាគី សំដៅបន្តពង្រឹងកិច្ចសម្របសម្រួលដ៏ជិតស្និទ្ធ និងពង្រីកបន្ថែមទៀត នូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចប្រជុំរបស់គណៈកម្មការចម្រុះតាម ប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនង ដ៏ជិតស្និទ្ធ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្រោមស្មារតីមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាង ល្អរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ សុខ ខេមរា