ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឃ្លាំងក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត មួយកន្លែងនៅខណ្ឌទួលគោកយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះថ្នាក់អគ្គិភ័យមួយបានឆ្លងចរន្តអគិ្គសនីឆាបឆេះឃ្លាំងមួយកន្លែង យ៉ាងសន្ធោសន្ធៅ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍។

ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីយប់ នៅចំណុចក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត ផ្ទះលេខ ២៥អា សិ្ថនៅតាមបណ្តោយផ្លូវលេខ៥៦៦ នៅភូមិ១១ ក្រុម៤៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្នែកខាងក្នុងឃ្លាំងរបស់ក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត ដោយសង្ស័យថាឆ្លងចរន្តអគ្គិសនី ភ្លាមនោះ ក៏កើតមានជាអណ្តាតភ្លេីងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូមដ្ឋានឱ្យចុះមកពិនិត្យមើលជាក់ស្តែង ដោយមើលឃើញថា ស្ថានការមិនអាចគ្រប់គ្រងបាន ទើបសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនងទៅខាងកម្លាំងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យឱ្យចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។ 

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ឌុច លីដេ ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរប្រធានផ្នែកផ្សព្វផ្សាយ ចំពោះមូលហេតុ នៃការឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនីឆេះប្រភេទសំណង់ថ្មបេតុងប្រក់ស័ង្កសីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ ខូចខាតសម្ភារៈឆេះឃ្លាំងស្តុកទុកសម្ភារៈបម្រើការងារថតស្ពតផ្សព្វផ្សាយផ្សាយពាណិជ្ជកម្ម ទំហំ ១០ម៉ែត្រ គុណ ៣០ម៉ែត្រ អស់ចំនួន០១ឃ្លាំង នឹងពុំបណ្តាលឱ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ កម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់៣២ឡាន ស្មើរនឹង១៣៨ម៉ែត្រគូប ដោយប្រើរយៈពេល៣០នាទី ដើម្បីធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅយប់ថ្ងៃខែឆ្នាំដដែល៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖