ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់១០០ឆ្នាំមានម្តងនៅម៉ាឡេស៊ី ស្លាប់និងបាត់ខ្លួនជាច្រើននាក់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានផ្សាយថា គ្រោះទឹកជំនន់កាលពីចុងសប្តាហ៍កន្លងមកបានសម្លាប់មនុស្សយ៉ាងតិច៥នាក់នៅក្នុងតំបន់ Selangor និង Pahang និងពលរដ្ឋរាប់សិបពាន់នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ជាមួយគ្នានេះក៏មានមនុស្សជាច្រើនបាត់ខ្លួនផងដែរ។
សារព័ត៌មាន CNA នាព្រឹកថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ២០២១ បានផ្សាយថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក កាលពីចុងសប្តាហ៍មុននេះ បានបង្ហាញយ៉ាងច្បាស់អំពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ បង្កឡើងដោយការប្រែប្រួលបរិយាកាសផែនដី ខណៈរដ្ឋាភិបាលម៉ាឡេស៊ីបានចាត់ទុកថា វាជាគ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មានឡើយក្នុងរយៈពេល១០០ឆ្នាំមកនេះ។
ស្ថានការណ៍អាសន្នដែលទើបកើតមានឡើងនេះបាននាំឱ្យក្រុមអ្នកជំនាញផ្នែកបរិស្ថាននៅក្នុងប្រទេសម៉ាឡេស៊ី ជំរុញឱ្យអាជ្ញាធរបង្កើនការសិក្សា និងរៀបចំផែនការ ដើម្បីលើកស្ទួយការអភិវឌ្ឍប្រកបដោយចីរភាព នោះគឺការអភិវឌ្ឍដែលមិនបង្កផលប៉ះពាល់ ទៅដល់បរិស្ថានធម្មជាតិ។ កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍មុននេះ រដ្ឋមួយចំនួនរបស់ម៉ាឡេស៊ីដូចជា សេឡាំងហ្គ័រ (Selangor), ណេហ្គឺរី សឹមប៊ីឡាន (Negeri Sembilan), កេឡាន់តាន់ (Kelantan), ផេហាង (Pahang), មេឡេកា (Melaka) និង ទែរែងហ្គានូ (Terengganu) បានទទួលរងភ្លៀងយ៉ាងដំណំ ដែលបានបង្កទៅជាគ្រោះទឹកជំនន់។
រដ្ឋាភិបាលម៉ាឡេស៊ីបានអះអាងថា ទឹកជំនន់ខាងលើនេះ គឺជាអ្វីមួយដែលមិនធ្លាប់កើតមានឡើយ ក្នុងរយៈពេល ១០០ឆ្នាំមកនេះ ហើយនៅក្នុងឆ្នាំ២០២១ យើងបានឃើញព្រឹត្តិការណ៍ស្រដៀងគ្នានេះ កើតមានឡើងរួចទៅហើយ នៅប្រទេសអាល្លឺម៉ង់, តួកគី, ចិន, ឥណ្ឌា និងបណ្តារដ្ឋភាគឦសានសហរដ្ឋអាមេរិក ដោយរដ្ឋញូវយ៉កបានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ។
បើតាមក្រសួងធនធានទឹក និងបរិស្ថាននៃប្រទេសម៉ាឡេស៊ី បានអះអាងនៅដើមសប្តាហ៍នេះថា ប្រព័ន្ធសម្ពាធទាបបានបង្កឱ្យមានភ្លៀងធ្លាក់នៅបណ្តារដ្ឋក្នុងឧបទ្វីបម៉ាឡេស៊ីរយៈពេល ២៤ម៉ោងឯណោះ ហើយកម្រិតទឹកភ្លៀង ដែលបានធ្លាក់មកនោះ គឺស្មើនឹងចំនួនទឹកភ្លៀងដែលធ្លាក់ក្នុងរយៈពេល១ខែ។ ខេត្តមួយចំនួនរបស់ប្រទេសថៃ ដែលជាប់នឹងព្រំដែនម៉ាឡេស៊ី ក៏បានកើតមានគ្រោះទឹកជំនន់ផងដែរ។
ក្រសួងដដែលបានសង្កត់ធ្ងន់ទៀតថា «កម្រិតទឹកភ្លៀងសម្រាប់រដ្ឋធានីគូឡាឡាំពួរគឺ ២,៤០០មិល្លីម៉ែត្រក្នុងមួយឆ្នាំ ដូច្នេះវាមានន័យថា ភ្លៀងធ្លាក់កាលពីចុងសប្តាហ៍មុននេះ គឺស្មើនឹងកម្រិតទឹកភ្លៀងក្នុងរយៈពេល១ខែ… វាហួសពីការរំពឹងទុករបស់យើង ហើយវាតែងតែងកើតឡើងម្តងក្នុងអំឡុងពេលរាប់រយឆ្នាំ»៕

ដោយ៖ធីរីណា(រូបថត៖AFP)


ចែករំលែក៖