ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅស្រុកស្រីសន្ធរស្នើសុំដល់អាជ្ញាធរនិងក្រសួងពាក់ព័ន្ធជួយមានវិធានការចំពោះក្រុមហ៊ុនបូមខ្សាច់តាមដងទន្លេមេគង្គដែលធ្វើសកម្មភាពបូមខ្សាច់បណ្តាលឱ្យបាក់ច្រាំងមាត់ទន្លេយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តកំពង់ចាម៖ សកម្មភាពរបស់សាឡង់បូមខ្សាច់បានធ្វើសកម្មភាពបូមខ្សាច់ជារៀងរាល់យប់ថ្ងៃតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរ ពិសេសក្រសួងពាក់ព័ន្ធ សូមជួយមានវិធានការផ្លូវច្បាប់ជាបន្ទាន់ដើម្បីបញ្ជៀសបញ្ហាបាក់ច្រាំងមាត់ទន្លេយ៉ាងធ្ងន់ធ្ងរ ដែលអាចបន្តបាក់ដល់ផ្ទះសម្បែងរបស់ពួកគាត់ទៀតផង។     ពលរដ្ឋដែលមានផ្ទះសម្បែងនៅតាមមាត់ទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសន្ទៃ និងភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឱ្យដឹងងថា បច្ចុប្បន្ននេះក្រុមហ៊ុនបូមខ្សាច់បានធ្វើការបូមខ្សាច់ជារៀងរាល់យប់ថ្ងៃបណ្តាលឱ្យបាក់ច្រាំងមាត់ទន្លេយ៉ាងធ្ងន់ធ្ងរ និងអាចឈានទៅដល់បាត់បង់ដីផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទៀតផង។

   ប្រភពខាងលើបានបន្តទៀតថា បើច្រាំងមាត់ទន្លេនៅតែបន្តបាក់ឥតឈប់ឈរបែបនេះ គឺអាចបន្តបាក់រហូតដល់ដីផ្ទះសម្បែងរបស់ពួកគាត់ទៀតផង។ ដូច្នេះហើយទើបពួកគាត់សំណូមពរដល់អាជ្ញាធរនៅក្នុងមូលដ្ឋាន ពិសេសក្រសួងពាក់ព័ន្ធសូមមេត្តាមានចំណាត់ការផ្លូវច្បាប់ទៅលើក្រុមហ៊ុនបូមខ្សាច់ខាងលើ ដើម្បីបញ្ចៀសបញ្ហាបាក់ច្រាំងទន្លេយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

   សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅនេះ យ៉ាងហោចណាស់មានពលរដ្ឋ៨០ភាគរយហើយដែលមានដីធ្លីនៅតាមមាត់ទន្លេមេគង្គស្ថិតក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ បាននាំគ្នាលក់ទៅឱ្យក្រុមហ៊ុនបូមខ្សាច់គ្រប់ៗគ្នា។ មហាជនបានលើកឡើងថា ប្រជាពលរដ្ឋដែលលក់ដីធ្លីតាមមាត់ទន្លេទៅឱ្យក្រុមហ៊ុនបូមខ្សាច់ខាងលើនេះ ថ្ងៃក្រោយបើសិនជាមានការបាក់ដីច្រាំងមាត់ទន្លេបណ្តាលឱ្យបាត់បង់ផលដំណាំជាដើម ប្រជាពលរដ្ឋទាំងនោះមិនអាចមានសិទ្ធិប្តឹងផ្តល់ទៅក្រុមហ៊ុនបូមខ្សាច់ខាងលើបានទេ ។

សូមបញ្ជាក់បន្ថែមថា ពលរដ្ឋរស់នៅក្នុងភូមិសន្ទៃ និងភូមិរកាទ្វារ ដែលមានផ្ទះសម្បែងនិងផលដំណាំនៅជាប់នឹងមាត់ទន្លេមេគង្គ បានសំណូមពរដល់លោកស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ និងលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមមេត្តាជួយមានវិធានការទៅលើក្រុមហ៊ុនបូមខ្សាច់ខាងលើឱ្យទៅបូមខ្សាច់ឱ្យឆ្ងាយពីមាត់ច្រាំងទន្លេនិងផ្ទះសម្បែងរបស់ពួកគាត់ ពោលគឺធ្វើសកម្មភាពបូមខ្សាច់តាមបទដ្ឋានច្បាប់ដែលបានអនុញ្ញាតពីក្រសួងពាក់ព័ន្ធ។ 

   ជុំវិញករណីខាងលើនេះលោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរបានប្រាប់ភ្នាក់ងារយើងតាមទូរស័ព្ទថា គាត់ជាប់រវល់ប្រជុំបន្តិច ។ ដោយឡែកលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានប្រាប់ភ្នាក់ងារយើងតាមប្រព័ន្ធតេឡេក្រាម(Telegram)(ទទួល​បាន​ ខ្ញុំ​នឹង​ចាត់មន្ទីរជំនាញចុះពិនិត្យ​ និងដោះស្រាយ)។

  សូមបញ្ជាក់បន្ថែមថា ពលរដ្ឋដែលរងគ្រោះដោយសារបាក់ច្រាំងមាត់ទន្លេខាងលើនេះបានបញ្ជាក់ថា ពួកគាត់មិនបានលក់ដីធ្លីទៅឱ្យក្រុមហ៊ុនបូមខ្សាច់ខាងលើដូចពលរដ្ឋដទៃទៀតនោះទេ ។ ពលរដ្ឋខាងលើមានសេចក្តីសង្ឃឹមនិងនាំគ្នាត្រេតអរជាខ្លាំងចំពោះចំណាត់ការរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានជួយដោះស្រាយបញ្ហានិងទុក្ខលំបាករបស់ពួកគាត់នេះ ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖