ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកធ្វើពហិកា អូឡំាពិកទីក្រុងប៉េកាំង ប៉ុន្តែបានបញ្ជូនមន្ត្រីជិត ៦០នាក់ទៅចូលរួម

ចែករំលែក៖

សារព័ត៌មាន SCMP បានដកស្រង់ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីអាមេរិក១៨រូបបានស្នើសុំទិដ្ឋការទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ២០២២ នៅទីក្រុងប៉េកាំង ដោយមានភារកិច្ចជួយផ្នែកសន្តិសុខ។

ក្នុងចំណោមមន្ត្រីទាំង ១៨រូប ក្នុងនោះមានដល់ទៅ១៥រូបស្ថិតនៅក្នុងក្រសួងការបរទេសអាមេរិក និងមន្ត្រីមួយរូបធ្វើការនៅក្រសួងការពារជាតិ។ មន្ត្រីទាំងអស់ដែលសុំទិដ្ឋការទៅចូលរួមគឺជាថ្នាក់មធ្យមនៅក្នុងស្ថាប័ន នីមួយៗរបស់អាមេរិក។
តាមសារព័ត៌មាន SCMP បានផ្សាយថា អាមរិកនឹងបន្តដាក់លិខិត ស្នើសុំឲ្យមន្ត្រី ៤០រូបផ្សេងទៀត ចូលទៅកាន់ប្រទេសចិននៅខែក្រោយ។ នៅពេលនេះគេមិនទាន់ដឹងថា ចិនយល់ព្រមដែរឬទេក្នុងការផ្តល់ទិដ្ឋការដល់មន្ត្រីអាមេរិកជិត ៦០ នាក់នោះ។
ចិនបានចាត់ទុកថា ការដែលមន្ត្រីអាមេរិក១៨រូបចូលទៅកាន់ទីក្រុងប៉េកាំង(បើមាន) នឹងដើរផ្ទុយជាមួយសេចក្តីប្រកាសធ្វើពហិការមិនចូលរួមរបស់អាមេរិក។ ក្នុងពេលជាមួយគ្នានេះដែរ ភាគីអាមេរិកបានលើកឡើងថា មន្ត្រីដែលទៅចូលរួម គឺមិនមែនជាគណៈប្រតិភូតំណាងផ្លូវការរបស់រដ្ឋាភិបាលទៅចូលរួមនោះឡើយ។
កន្លងមកប្រធានាធិបតីអាមេរិក លោកបៃឌិន បានប្រកាសថានឹងមិនបញ្ជូនគណៈប្រតិភូទៅចូលរួមកីឡាអូឡាំពិកទីក្រុងប៉េកាំងនោះឡើយដើម្បីជាការប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ៕ដោយ៖ធីរីណា

រូបថត៖AFP


ចែករំលែក៖