ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូស្លាប់មនុស្ស​ម្នាក់ និងក្លាយជាអណ្តាតភ្លើង​ឆេះ​ទាំង​ម៉ូតូ និង​រថយន្តគួរឲ្យរន្ធត់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមាននៅ​ម៉ោងប្រមាណ៨ យប់ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ត្រង់ចំណុច​ស្ពាន តា​ង៉ោ​ល ឋិត​ក្នុងភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ឆេះរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង។

 តាមមន្រី្តនគរបាលចរាចរណ៍ស្រុកមោងឫស្សីបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយគ្រឿង ដឹកទំនិញ គ្រឿងឧបភោគ បរិភោគ​ពេញ ក៏បាន​ពើបប្រទះ​ជា​មូ​យ​ម៉ូតូ​មួយគ្រឿង ដែល​បើកបរ ក្នុងទិសដៅ​ពី​កើត ទៅខាង​លិច បណ្តាល​ឲ្យ​ម៉ូតូ​ដួល ចូល​ក្រោម​រថយន្ត។ ខណ:នោះរថយន្តបានកិន​ជនរងគ្រោះម្នាក់ ហើយ​ខ្ទាត​ចេញ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ។ ចំណែក​ម៉ូតូ​វិញ បាន​គាប​ជាប់​ក្រោម​រថយន្ត អូស​ចម្ងាយ​ជិត ១០០ ម៉ែត្រ និង​បាន​បែក​ផ្កាភ្លើង បង្ក​ជា​អណ្តាតភ្លើង ឆាបឆេះ​រថយន្ត និងម៉ូតូយ៉ាង​សន្ធោសន្ធៅមួយរំពេច។​

 មន្រ្តីនគរបាលដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះ ជា​ម្ចាស់ម៉ូតូជិះម៉ូតូម៉ាកហុងដា ឌ្រី​មត្រូវបានគេស្គាល់ ឈ្មោះ ម៉ាក់ ម៉ៅ អាយុ ៤០ ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​សំរោង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ បានស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ។

  ចំណែក​ភាគី អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ ដោយភ្លាមៗនោះ បាន​គេចខ្លួនបាត់ បន្សល់ទុក​នូវ​រថយន្ត ដែល​ឆេះ​ប្រភេទ​រថយន្ត ផ្ទុកទំនិញ​ធុន​ធំ ពាក់​ស្លាក​លេខ កំពង់ចាម ៣A- ៧៩២៧​នៅកន្លែងកើតហេតុ។​

  សមត្ថកិច្ចជំនាញអះអាងថាផ្អែកលើ​ការវាស់វែងតាមបចេ្ចកទេសឃើញថា ក្នុង​គ្រោះថ្នាក់​ខាងលើដោយសារភាគី​ម៉ូតូ បាន​ជិះឆ្លង​ចូល​ចំណែក​ផ្លូវ របស់​រថយន្ត​បន្តិច ទើប​បណ្តាល​ឲ្យ​រថយន្ត បាន​បុកពេញទំហឹង ហើយ​គាប​អូស​ម៉ូតូ ជាច្រើន​ម៉ែត្រ ក្លាយជាអណ្តាតភ្លើងឆាបឆេះ​ឡើង​តែម្តង​។ 

 ក្រោយកើតហេតុ សមត្ថកិច្ច ជំនាញទៅដល់ធ្វើការវាស់វែងនិងកំពុងស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្ត ដើម្បី​ឲ្យ​ម្ចាស់ ចេញមក ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖