ខេត្តកំពង់ចាម ៖ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យកំលាំងការពារគោលដៅ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ក្នុងភូមិសាស្ត្រក្នុងខេត្តកំពង់ចាម ដេីម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ។
លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានអោយដឹងថា មណ្ឌលប្រឡងក្រុងកំពង់ចាមមាន៨មណ្ឌល និងស្រុកកំពង់សៀម ២មណ្ឌលដោយបេក្ខជនដែលត្រូវចូលក្នុងមណ្ឌលប្រឡង គឺមានការត្រួតពិនិត្យ ការវ៉ាស់កម្ដៅ លាងសម្អាតដៃដោយអាល់កុល និងត្រួតផ្ទៀងផ្ទាត់តាមលក្ខខ័ណ្ឌនៃការប្រឡង យ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច មុនចូលប្រលង និងដំណេីរការបានល្អប្រសេីរគ្រប់មណ្ឌលផងដែរ ។
ទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា ក្រសួង នៅតែបន្តធ្វើការប្រឡង មធ្យមសិក្សា ទុតិយភូមិ ឬ បាក់ឌុប ដោយ អនុវត្តតាមគោលការណ៍ច្បាប់ យុត្តិធម៌ និង ដោយតម្លាភាព ដែល ក្រសួងបានកំណត់យកកាលបរិច្ឆេទ នៃ ការប្រឡងនេះ ៕
ដោយ ៖ វណ្ណៈ