ព័ត៌មានទាន់ហេតុការណ៍៖

តាលីបង់ស្នើដល់ស្ត្រីក្នុងប្រទេសនេះមិនត្រូវធ្វើដំណើរលើសពី៧២គីឡូម៉ែត្រឡើយបើមិនមានបុរសទៅជាមួយ

ចែករំលែក៖

ប្រទេសអាហ្វហ្គានីស្ថាន៖ ស្ត្រីអាហ្វហ្គានីស្ថាននឹងមិនអនុញ្ញាតឱ្យធ្វើដំណើរផ្លូវឆ្ងាយលើសពី ៧២គីឡូម៉ែត្រនោះឡើយប្រសិនបើមិនមានសាច់ញាតិជាបុរសធ្វើដំណើរទៅជាមួយនោះ។ ចំណែកអ្នកបើកតាក់ស៊ីគឺមិនត្រូវឱ្យស្ត្រីដែលមិនពាក់ស្បៃមុខធ្វើដំណើរនោះឡើយ បើល្មើសនឹងវិធានការនេះអាចនឹងត្រូវពិន័យ។
រដ្ឋាភិបាលតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ២៦ខែធ្នូ បានចេញសេចក្តីសម្រេចសម្រាប់ការធ្វើដំណើររបស់ស្ត្រីនៅក្នុងប្រទេសនេះ។ នៅក្នុងការណែនាំ រដ្ឋាភិបាលតាលីបង់ បានចេញវិធានការមួយចំនួនពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ ក្នុងនោះមិនត្រូវបើកចម្រៀងក្នុងរថយន្ត ស្ត្រីមិនអាចធ្វើដំណើរឆ្ងាយជាង ៧២គីឡូម៉ែត្របើមិនមានមនុស្សប្រុសទៅជាមួយ …។
ការហាមប្រាមកន្លងមករបស់ក្រុមតាលីបង់ គឺមិនអនុញ្ញាតឱ្យស្ត្រីទៅសាលារៀនឡើយ ហើយនិស្សិតស្រីមិនទាន់អាចឱ្យវិលត្រឡប់ចូលសាលាវិញនោះដែរ ។ បណ្តាញទូរទស្សន៍មិនអនុញ្ញាតឱ្យផ្សព្វផ្សាយខ្សែភាពយន្តដែលមានស្ត្រីចូលរួមសម្តែងឡើយ។ ចំណែកអ្នកសារព័ត៌មានស្ត្រីគឺត្រូវតែពាក់ស្បៃមុខពេលផ្សព្វផ្សាយព័ត៌មានតាមកញ្ចក់ទូរទស្សន៍៕ ដោយ៖ធីរីណា

រូបថត៖AFP/VNA

 

 


ចែករំលែក៖