ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកៅស៊ូខ្មៅធ្លាក់ផ្លូវក្រឡាប់នៅសង្កាត់គងនយទាំងព្រឹក​ សំណាងល្អគ្មានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត HINO ដឹកកៅស៊ូខ្មៅសម្រាប់ចាក់ក្រាលផ្លូវ ១គ្រឿងបានធ្លាក់ផ្លូវក្រឡាប់នៅសង្កាត់គងនយប៉ុន្តែសំណាងល្អណស់ ដោយគ្មាននរណាម្នាក់រងរបួសឡើយ ។

  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ កើតឡើង កាលពីព្រលឹមស្រាងៗ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ១០៤ ឬ ផ្លូវលេខ២០A សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

  ពលរដ្ឋប្រាប់ថា រថយន្តដែលរងគ្រោះថ្នាក់ដោយខ្លួនឯងនោះ គឺរថយន្ត យីឌុប ម៉ាក HINO ពាក់ស្លាកលេខ ព្រះសីហនុ 3A.8362 

  សាក្សីប្រាប់ឱ្យដឹងថា រថយន្ត យីឌុប ម៉ាក HINO ពាក់ស្លាកលេខ ព្រះសីហនុ 3A.8362  ដឹកកៅស៊ូខ្មៅសម្រាប់ចាក់ក្រាលផ្លូវនេះ បើកបរតាមបណ្តោយផ្លូវលេខ១០៤ ឬ ផ្លូវលេខ២០A សង្កាត់គងនយ ខណ្ឌដង្កោ ក្នុងទិសដៅពីលិចទៅកើត ដោយឃើញមានឧបសគ្គនៅខាងមុខ អ្នកបើកបរក៏បង្ខំកាច់ចង្កូតរថយន្តមកខាងស្តាំដៃធ្លាក់ផ្លូវក្រឡាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកើតហេតុជួយអន្តរាគមន៍ផងដែរ ។

  ប្រភពពីពលរដ្ឋប្រាប់បន្តឱ្យដឹងថា ដោយពិនិត្យឃើញថា រថយន្តដែលក្រឡាប់នោះមិនប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជា ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទើបសមត្ថកិច្ចយល់ព្រមអនុញ្ញាតអោយស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖