ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេស ៖ ការផ្តល់ព័ត៌មានស្តីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា, នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាអធិបតីក្នុងកម្មវិធីផ្តល់ព័ត៌មានស្តីពីអាទិភាពកម្ពុជាក្នុង នាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា» នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពី សំណាក់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សា សហគមន៍សេដ្ឋកិច្ចអាស៊ាន និង លោកបណ្ឌិត ឌី ខាំបូលី តំណាងរបស់ លោកបណ្ឌិតសភា ចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សា សហគមន៍សង្គម-វប្បធម៌អាស៊ាន។ កម្មវិធីផ្ដល់ព័ត៌មានខាងលើ ត្រូវបានអញ្ជើញចូលរួមដោយអង្គទូត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋានទាំងនៅក្នុង និងក្រៅប្រទេស និងអ្នកសារព័ត៌មាននៅក្នុងប្រទេស ហើយដែលនៅចុងបញ្ចប់កម្មវិធី គឺកម្មវធីសំណួរ-ចម្លើយ ដោយអង្គទូត និងអ្នកសារព័ត៌មាន។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហា ប្រឈមទាំងអស់គ្នា បង្ហាញពីការខិតខំប្រឹងប្រែងលើកកម្ពស់ស្មារតីអាស៊ានជាគ្រួសាររួបរួមគ្នាត មួយដែលមានសមាជិកដប់ប្រទេសប្រកបដោយស្មារតីរឹងមាំ « ទាំងអស់រួមគ្នា» ក្នុងការធ្វើសកម្មភាព រួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីរួមចំណែកប្រកបដោយការស្ថាបនាបន្ថែមទៀត ដល់ការថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុង តំបន់ និងសកលលោក។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីចង្កោមចំនួនបួននៃបញ្ហាប្រឈម ដែល មានផលប៉ះពាល់ជាយុទ្ធសាស្ត្រមិនត្រឹមតែនៅក្នុងអាស៊ាន រួមមាន តម្រូវការចាំបាច់បន្ទាន់ដើម្បី សម្រេចបាននូវការស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សពីផលប៉ះពាល់នៃជំងឺរាតត្បាតកវីដ ១៩ សម្ពាធដ៏ធ្ងន់ធ្ងរដែលកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បញ្ហាប្រឈមដ្ឋភីសុន្តិសុខ ទាំងជាប្រពៃណី និងមិនមែនជាប្រពៃណីដែលមានស្រាប់ និងបញ្ហាប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័ន របស់អាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២ ត្រូវបាន កំណត់ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ នៅក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បាន គូសបញ្ជាក់ពីអាទិភាពសំខាន់ៗ ក្រោមសសរស្ដម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សម្រាប់ អាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលរួមមាន ការថែរក្សា និងពង្រឹងមជ្ឈភាពអាស៊ាន សម្រាប់សន្តិភាព និងវិបុលភាព ការលើកកម្ពស់ការចូលរួមចំណែកតំបន់ចំពោះសន្តិភាពពិភពលោក និងបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ។ លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងបន្ថែម ទៀតថា ការយកចិត្តទុកដាក់ជាបន្ទាន់នេះ គឺដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្អែកលើការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ដែលត្រូវបានឯកភាពនៅក្នុងកិច្ច ប្រជុំថ្នាក់ដឹកនាំអាស៊ាន ក្នុងខែមេសា ឆ្នាំ២០២១ និងគោលការណ៍តម្រង់ទិសនៃធម្មនុញ្ញអាស៊ាន។ កម្ពុជា ក៏មានបំណងបញ្ចប់ដំណើរការនៃការទទួលយកប្រទេសទីម័រឡេស្ត ចូលជាសមាជិកគ្រួសារ អាស៊ានផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសអំពីផែនការរៀបចំព្រឹត្តិការណ៍អមធំៗ ចំនួនពីរ រួមមាន កិច្ចសន្ទនាជាសកលរបស់អាស៊ាន ស្តីពីការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយក្រោយ វិបត្តិជំងឺកូវីដ-១៩ និងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ានលើកទី២ ស្តីពីសហគ្រិនភាព។

អាទិភាពសំខាន់ៗមួយចំនួនក្រោមសរសរស្ដម្ភសេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដែលត្រូវបានគូស បញ្ជាក់នៅក្នុងកម្មវិធីការផ្ដល់ព័ត៌មាន មានដូចជា ការធានាបាននូវការអនុវត្តប្រកបដោយជោគជ័យ នូវគំនិតផ្ដួចផ្ដើមនានាសម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩. ការដាក់ឱ្យអនុវត្តភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ លើកកម្ពស់ សេដ្ឋកិច្ចឌីជីថល ការពង្រឹងសមត្ថភាពសហគ្រាសខ្នាតមីក្រូតូច និងមធ្យម និងការលើកកម្ពស់ សហគ្រិនភាពក្នុងចំណោមស្តី ជំរុញការតភ្ជាប់ឌីជីថល និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពង្រឹងការការពារសុខភាព សុខុមាលភាព និងសង្គមរបស់ប្រជាជនអាស៊ាន។ អត្ថបទទាំងស្រុងដែលបានថ្លែងនៅក្នុងកម្មវិធីការផ្ដល់ព័ត៌មានភ្ជាប់មកជាមួយ៕

ដោយ ៖ សិលា


ចែករំលែក៖