ព័ត៌មានទាន់ហេតុការណ៍៖

អាហ្វ្រិកខាងត្បូងលុបច្បាប់រឹតត្បិតប្រកាសឆ្លងផុតចំណុចខ្ពស់បំផុតនៃការឆ្លងរាលដាលវីរុសអូមីក្រុង

ចែករំលែក៖

រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បានប្រកាសថា បានឆ្លងផុតចំណុចកំពូលនៃការឆ្លងរាលដាលកូវីដ-១៩ លើកទី៤ ដែលបង្កឡើងដោយវីរុសបំប្លែងថ្មីអូមីក្រុង ។ ទន្ទឹមនឹងនោះប្រទេសនេះក៏បានប្រកាសលុបច្បាប់ហាមប្រាមនានាដែលបានអនុវត្តនាពេលកន្លងមកដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលបានបញ្ជាក់ថា អាហ្វ្រិកខាងត្បូងបានអនុវត្តការផ្លាស់ប្តូរជាចាំបាច់តាមការវិវឌ្ឍនៃវីរុសបំប្លែងថ្មី ក្នុងនោះមានការបង្កើនការចាក់វ៉ាក់សាំង ពង្រឹងប្រព័ន្ធសុខាភិបាល ។ ស្ថានភាពកូវីដ-១៩នៅពេលនេះស្ថិតនៅក្នុងកម្រិតទាបបំផុតក្នុងចំណោម៥កម្រិតនៃការប្រកាសអាសន្ន។
នៅក្នុងសេចក្តីប្រកាសក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអាហ្វ្រិកខាងត្បូង បានបញ្ជាក់ថា «ប្រទេសជាតិបានឆ្លងផុតដំណាក់កាលនៃការឆ្លងរាលដាលកូវីដ-១៩ ខ្ពស់បំផុតក្នុងកម្រិតទី៤ ហើយពេលនេះបានធ្លាក់ចុះមកកម្រិតទីមួយវិញហើយ»។ តាមតួលេខរបស់ក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូង បានបញ្ជាក់ថាករណីឆ្លងកូវីដ-១៩ គិតចាប់ពីថ្ងៃទី ២៥ខែធ្នូមក គឺបានថយចុះ២៩,៧%បើប្រៀបធៀបមួយសប្តាហ៍កន្លងមក។
សរុបអាហ្វ្រិកខាងត្បូង មានករណីឆ្លងកូវីដ-១៩ សរុប ៣,៥លាននាក់ និងស្លាប់ ៩១ពាន់នាក់ ។ អាហ្វ្រិកខាងត្បូង គឺជាប្រទេសមានករណីឆ្លងកូវីដ-១៩ ខ្ពស់ជាងគេបំផុតនៅទ្វីបអាហ្វ្រិក។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បានអនុញ្ញាតឱ្យពលរដ្ឋជួបជុំគ្នាបានដល់១ពាន់នាក់៕ ដោយ៖ធីរីណា

រូបថត៖AFP


ចែករំលែក៖