ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចហេង សំរិន អញ្ជើញចុះពិនិត្យការកសាងសមិទ្ធផលនានានៅស្រុកពញាក្រែកខេត្តត្បូងឃ្មុំនិងស្រុកកំចាយមារខេត្តព្រៃវែង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ឆ្លៀតពេលចុងសប្តាហ៍នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំក្រុមការងារចុះពិនិត្យការកសាងសមិទ្ធផលនានា មានសាលារៀន មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម ដែលជាអំណោយរបស់សម្តេចនិងសម្តេចធម្មវិសុទ្ធវង្សាជូនប្រជាពលរដ្ឋនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

សម្តេចបានកោតសរសើរចំពោះក្រុមការងារដែលបានខិតខំអនុវត្តគម្រោងសាងសង់សមិទ្ធផលនានា សម្រេចតាមផែនការទោះបីក្នុងពេលជំងឺកូវីដ១៩រាតត្បាតយ៉ាងណាក្តី សម្រាប់បម្រើដល់សេចក្តីត្រូវការ សម្រួលការរស់នៅរបស់ពលរដ្ឋឲ្យកាន់តែប្រសើរឡើង ទំាងនៅក្នុងវិស័យអាណាចក្រនិងពុទ្ធចក្រ។ សម្តេចបានជំរុញក្រុមការងារបន្តយកចិត្តទុកដាក់សាងសង់សំណង់ទំាងនោះប្រកបដោយគុណភាពនិងសោភ័ណភាព ដើម្បីទុកជាផលប្រយោជន៍សង្គមបានយូរអង្វែងតទៅ។

នៅក្នុងនោះសម្តេចបានពន្លឿនដល់ក្រុមការងារបំពេញកិច្ចការនៅសេសសល់ក្នុងការសាងសង់អគារសិក្សាមួយខ្នង នៅក្នុងវិទ្យាវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ ដែលជាអំណោយរបស់សម្តេច ឲ្យបានរួចរាល់មុនបវេសនកាលខាងមុខនេះ ដើម្បីផ្តល់ជូនសិស្សានិសិស្សបានចូលរៀនសូត្រទាន់ពេលវេលា ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសំណូមដល់ក្រុមការងារទំាងអស់បន្តតាមដានយកចិត្តទុកដាក់ក្តាប់ឲ្យបានរាល់តម្រូវការរបស់ប្រជាពលរដ្ឋនិងជូយដោះស្រាយជូនពលរដ្ឋឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់ លើគ្រប់វិស័យ ពិសេសបន្តចុះអប់រំ ណែនាំដល់ពលរដ្ឋឲ្យបន្តអនុវត្តវិធានការសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ និងរក្សាអនាម័យក្នុងការរស់នៅជាប្រចំា ដើម្បីថែរក្សាសុខភាព និងចៀសឆ្ងាយពីជំងឺកូវីដ១៩៕

ដោយ៖ សូរិយា


ចែករំលែក៖