ព្រឹត្តិការណ៍អន្តរជាតិ៖ ឆ្នាំ២០២១ជិតឆ្លងផុតទៅហើយដោយនៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ។ នៅក្នុងឆ្នាំ២០២១នេះ មានព្រឹត្តិការណ៍ជាច្រើនដែលមិនធ្លាប់កើតមាននៅលើពិភពលោកបានកើតឡើងនៅក្នុងឆ្នាំ២០២១នេះ តាំងពីនយោបាយ វិទ្យាសាស្ត្រ ភូមិសាស្ត្រ …។ មានព្រឹត្តិការណ៍ជាច្រើនដែលមិនធ្លាប់កើតឡើងនៅលើពិភពលោកបានកើតនៅក្នុងឆ្នាំ២០២១នេះ ប៉ុន្តែមជ្ឈមណ្ឌលព័ត៌មាននគរវត្ត សូមលើកយកព្រឹត្តិការណ៍ចំនួន៥សំខាន់ៗ ដែលបានកើតឡើង ក្នុងឆ្នាំ២០២១៖
១-អាមេរិកមានអនុប្រធានាធិបតីស្រីជាលើកដំបូង។ លោកស្រីKamala Harris នៅថ្ងៃទី២០ ខែមករាឆ្នាំ២០២១ បានក្លាយទៅជាអនុប្រធានាធិបតីស្រីដំបូងបង្អស់ និងជាស្ត្រីស្បែកខ្មៅដើមកំណើតអាស៊ីដំបូងកាន់តំណែងជាអនុប្រធានាធិបតី។
២-ប្រធានាធិបតីអាមេរិកដំបូងក្នុងប្រវត្តិសាស្ត្រដោយរងការចោទប្រកាន់ទោសដល់ទៅ២លើក។ លោកដូណាល់ត្រាំ អតីតប្រធានាធិបតីអាមេរិក បានក្លាយទៅជាប្រធានាធិបតីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលរងការចោទប្រកាន់ទោស២លើកក្នុងមួយអាណត្តិ។ ប៉ុន្តែលោកទទួលបានការលើកលែងទោសពីរដ្ឋសភា។
៣-ស្ត្រីដើមកំណើតអាហ្វ្រិកដំបូងបង្អស់ធ្វើជាអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក WTO។
លោកស្រី Ngozi Okonjo-Iweala បានបង្កើតប្រវត្តិសាស្ត្រនៅខែមីនាឆ្នាំ២០២១ ដោយលោកស្រីបានក្លាយជាស្ត្រីអាហ្វ្រិកដំបូងកាន់តំណែងប្រធានWTO ។
៤-ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្ព័ន្ធមិត្តបារាំងបានកោះហៅមន្ត្រីទូតរបស់ខ្លួនពីអាមេរិកមកប្រទេសវិញ ក្រោយពេលអាមេរិក អង់គ្លេស អូស្ត្រាលី បានបង្កើតសម្ពន្ធមិត្ត AUKUS និងកិច្ចព្រមព្រៀងផលិតនាវាមុជទឹកដើរដោយថាមពលបរមាណូ ដើម្បីទប់ទល់ជាមួយចិន បានបំផ្លាញកិច្ចព្រមព្រៀងរបស់បារាំងក្នុងការផលិតនាវាមុជទឹកឱ្យអូស្ត្រាលី មានតម្លៃរាប់ពាន់លានដុល្លារ។ បារាំងបានសម្រេចដកមន្ត្រីទូតរបស់ខ្លួននៅអាមេរិកវិលត្រឡប់មកប្រទេសវិញដើម្បីប្រឆាំងនៅនឹងសកម្មភាពខាងលើ។ នេះជាលើកទីមួយហើយដែលបារាំងខឹងអាមេរិករហូតដល់ដកមន្ត្រីទូតចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៧៧៨។
៥-ការទទួលស្គាល់មហាសមុទ្រទី៥ នៅលើពិភពលោកនៅក្នុងទិវាសមុទ្រអន្តរជាតិ សមាគមក្រុមឯកទេសធរណីវិទ្យាបានប្រកាសថាដែនទឹកនៅជុំវិញប៉ូលខាងត្បូងផែនដី គឺជាមហាសមុទ្រទី៥ នៅលើភពផែនដីនេះ ដោយមានឈ្មោះថា មហាសមុទ្រខាងត្បូង ។ ដូច្នេះពិភពលោកយើងពេលនេះមានមហាសមុទ្រដល់ទៅ៥ គឺអាត្លង់ទិក ប៉ាស៊ីហ្វិក ឥណ្ឌា អាក់ទិក និង មហាសមុទ្រខាងត្បូង៕ ដោយ៖ធីរីណា
រូបថត៖TTXVN