ព័ត៌មានទាន់ហេតុការណ៍៖

សាលាពលទាហានទី៥ យោធភូមិភាគទី៥ បើកវគ្គហ្វឹកហ្វឺនជំនាញភស្តុភារ យន្តយុទ្ធ ថ្នាក់វរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តដឹកជញ្ជូនធុនធ្ងន់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ សាលាពលទាហានទី៥ យោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនជំនាញភស្តុភារ យន្តយុទ្ធ ថ្នាក់វរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តដឹកជញ្ជូនធុនធ្ងន់ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ,លោកប្រតិភូអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ, ប្រតិភូទីចាត់ការចលនូប្បត្ថម្ភ.អបក ,លោកមេបញ្ជាការរងកងទ័ពជើងគោកទទួលបន្ទុកការងារធានា លោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង ចំណុះយោធភូមិភាគទី៥។ 

វគ្គហ្វឹកហ្វឺន មានរយៈពេល ចំនួន ៩៨ថ្ងៃ មានសិក្ខាកាមចូលរួមរៀនសូត្រ ចំនួន ១៨៩នាក់ សិក្សាលើមុខជំនាញភស្តុភារ យន្តយុទ្ធ ថ្នាក់វរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តដឹកជញ្ជូនធុនធ្ងន់។

លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន​ បានជំរុញឲ្យប្អូនៗសិក្ខាកាមទាំង អស់ ត្រូវមានទស្សនៈស្មោះត្រង់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋា ភិបាល ក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ត្រូវខិតខំគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រគ្រប់មុខវិជ្ជាដែលគ្រូបានឧទ្ទេសនាម ដោយប្រកាន់នូវសុភាសិត ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមលើទីលានប្រយុទ្ធ។ ពង្រឹងសាមគ្គីភាពរវាងមិត្តរួមអាវុធ ចេះជួយគ្នាទៅវិញទៅមក អប់រំណែនាំគ្នាទៅរកភាពដែលល្អ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពរបស់វគ្គសិក្សា។ ចៀសវាងដាច់ខាតបង្កនូវបទល្មើសនានាដែលខុសនឹងច្បាប់រដ្ឋ ជាពិសេសបទល្មើសគ្រឿងញៀន និងត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ហ្មត់ចត់នូវវិធានការរបស់ក្រសួងសុខាភិបាល  អនុវត្ត ៣កុំ និង៣ការពារ ដើម្បីការពារទប់ស្កាត់នូវជំងឺរាតត្បាតកូវីដ-១៩ ថ្មី( អូមីក្រុង)។

ជាចុងបញ្ជាប់ លោកនាយឧត្តមសេនីយ៍ ក៏បានជូនពរ នាយទាហាន នាយទាហានរង ពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល និងឧបត្ថម្ភក្នុងកម្មវិធី ថវិកាចំនួន ៥.០០០.០០០រៀល អាកុលចំនួន ២០០លីត្រ និងប្រកាសបើកវគ្គចាប់ពីថ្ងែនេះតទៅ៕

ដោយ​៖សហការី​


ចែករំលែក៖