ខេត្តកណ្ដាល៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំប្រតិភូក្រសួង គោរពវិញ្ញានក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
លោកស្រីកិត្តិសង្គហបណ្ឌិត មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង (ត្រូវជាឪពុកក្មេករបស់ លោកទេសរដ្ឋមន្ត្រី គន់ គីម) បានទទួលមរណភាពនៅវេលាម៉ោង ១ និង៤៥នាទី រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីកិត្តិសង្គហបណ្ឌិតក៏បានសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង គឺជាការបាត់បង់នូវលោកឪពុក ជីតា ជីតាទួត ដែលប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ចំពោះកូនចៅជាទីស្រឡាញ់របស់លោក កន្លងមកមហាឧបាសកពុទ្ធសាសនូបត្ថម្ភ តែងតែរួមចំណែកលើកកម្ពស់ ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា យ៉ាងច្រើនពុំអាចបំភ្លេចបាន។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សហការី