ភ្នំពេញ ៖ នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ទទួលជួបលោកស្រី ជេស៊ីកា តំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក ក្នុងគោលបំណងជម្រាបជូនលោករដ្ឋមន្ត្រីជ្រាបអំពីវឌ្ឍនភាព និងស្នើសុំការណែនាំបន្ថែមពាក់ព័ន្ធនឹងផែនការវិនិយោគវារីវប្បកម្មសមុទ្រក្នុងបែនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាបឋម លោកស្រីតំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ លោករដ្ឋមន្រ្តី និងមន្ត្រីជំនាញនៃរដ្ឋបាលជលផល ដែលបានផ្តល់ឱកាស និងគាំទ្រចំពោះសំណើផែនការវិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតតំបន់កោះដែកគោល និងកោះថាស ដែលដំណាក់កាលទី ១ នៃផែនការវិនិយោគនោះគឺលើផ្ទៃទឹកសមុទ្រចំនួន ១ ៩៨៤ហិកតា។ លោកស្រីបន្ថែមថា បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ និងទទួលបានការណែនាំពីឯកឧត្តមរដ្ឋមន្រ្តី និងមន្ត្រីជំនាញកន្លងមក ក្រុមហ៊ុនបានធ្វើការពិនិត្យ សិក្សា និងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសលើការសិក្សាវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គម ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយក្រសួងពាក់ព័ន្ធបានសម្រេចកំណត់យកតំបន់កោះថាស ជាតំបន់សាកសម និងមានសក្ដានុពលបំផុតសម្រាប់ក្រុមហ៊ុនធ្វើការវិនិយោគ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្ររបស់ក្រុមហ៊ុន ដែលផែនការវិនិយោគនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គឺពិតជាសំខាន់សម្រាប់ជួយដល់ការអភិវឌ្ឍដល់វិស័យជលផលនៅកម្ពុជា និងជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និងផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ លោករដ្ឋមន្ត្រីក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុនឲ្យបញ្ជូនឯកសារវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គមលើគម្រោងវិនិយោគវារីវប្បកម្មសមុទ្រនេះមកក្រសួង និងជាពិសេសត្រូវធ្វើការស្នើសុំ និងមានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមុនសិន ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអាចចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុនបាន៕
ដោយ ៖ សិលា