ភ្នំពេញ៖ ណាហ្គាវើលដ៍ ការអប់រំ មានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍកុមារ។ ការអប់រំមួយដ៏ល្អ ជួយអប់រំ ផ្តល់ព័ត៌មាន និងធ្វើឲ្យកុមារចេះគិតពិចារណាដោយមានហេតុផល។ ដូចទស្សនវិទូបុរាណម្នាក់ បានពោលថា “ប្រសិនបើផែនការរបស់អ្នក សម្រាប់រយៈពេលមួយឆ្នាំ អ្នកត្រូវស្ទូងស្រូវ។ ប្រសិនបើអ្នកផែនការរបស់អ្នក សម្រាប់ដប់ឆ្នាំ អ្នកត្រូវដាំដើមឈើ។ ប្រសិនបើផែនការរបស់អ្នក សម្រាប់ ១០០ ឆ្នាំ អ្នកត្រូវផ្តល់ការអប់រំដល់កុមារ”។
ដោយសារការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តគំនិតផ្តួចផ្តើមរបស់ខ្លួនជាងពីរឆ្នាំកន្លងទៅនេះដើម្បីជួយលើកកម្ពស់ការសិក្សារបស់កុមារដោយផ្តល់សម្ភារសិក្សា និងមេរៀនអប់រំជាច្រើននៅតាមសាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជា។
បន្ទាប់មកក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ការឧបត្ថម្ភគាំទ្រ និងឥទ្ធិពលវិជ្ជមានរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសមកលើវិស័យអប់រំក្នុងប្រទេសកម្ពុជានៅក្នុងពិធីពិសេសមួយដែលបានធ្វើឡើងនៅក្រសួងក្រោមអធិបតីភាពលោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដែលបានប្រគល់លិខិតថ្លែងអំណរគុណ និងមេដាយតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដល់នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen និងមន្ត្រីតំណាងក្រុមហ៊ុន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ។
លិខិតថ្លែងអំណរគុណ និងមេដាយ ត្រូវបានប្រគល់បន្ទាប់ពីណាហ្គាវើលដ៍បេះដូងសប្បុរសបានបំពេញកាតព្វកិច្ចដោយជោគជ័យពាក់ព័ន្ធនឹងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០១៩សម្រាប់កម្មវិធីចែកសម្ភារសិក្សា និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ។ មានសិស្សានុសិស្សប្រមាណ ២៥.៣៨៥ នាក់ទៅទូទាំង ១១ ខេត្ត បានទទួលប្រយោជន៍ពីសកម្មភាពដែលបានធ្វើឡើងក្នុងឆ្នាំ២០១៩។
លោកស្រី ឃុន រចនា បានមានប្រសាសន៍ថា “តំណាងឲ្យឯកឧត្តមរដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការឧបត្ថម្ភគាំទ្រ និងការសហការយូរអង្វែងរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនេះ និងសូមអបអរសាទរដល់ស្នាដៃដែលណាហ្គាវើលដ៍បេះដូងសប្បុរសបានធ្វើ ៣ ឆ្នាំកន្លងទៅនេះជាមួយក្រសួងអប់រំ យុវជន និងកីឡា។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរសផងដែរចំពោះការឧបត្ថម្ភម៉ាស់ ជែលលាងដៃ និងអាល់កុលដល់ក្រសួងកាលពីខែមេសា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
សូមបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា និងណាហ្គាវើលដ៍បេះដូងសប្បុរស បានបន្តអនុស្សរណៈនៃការយោគយល់គ្នាដែលអនុញ្ញាតឲ្យកម្មវិធីចែកសម្ភារសិក្សាបន្តរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ បុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងធ្វើដំណើរទៅកាន់សាលាបឋមសិក្សា ៦០ នៅក្នុងខេត្ត ១២ ដើម្បីចែកសម្ភារសិក្សាចាំបាច់ដល់សិស្សានុសិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដោយមានបន្ថែមខេត្តពោធិ៍សាត់ទៅក្នុងបញ្ជីផងដែរ។ កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ ក៏ត្រូវបានពង្រីកទៅកាន់សាលារៀននៅក្នុងខេត្ត ៥ ផងដែរដោយមានបន្ថែមខេត្តកំពង់ចាម។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា “ណាហ្គាវើលដ៍ មានកិត្តិយសយ៉ាងខ្លាំងដែលបានបន្តការសហការជាមួយក្រសួងទៅលើគំនិតផ្តួចផ្តើមដើម្បីជួយលើកកម្ពស់វិស័យអប់រំ។ ដូចអ្នកប្រាជ្ញជនជាតិបារាំង Anatole France បានពោលថា “ការលើកទឹកចិត្ត មានសារសំខាន់ណាស់សម្រាប់ការអប់រំ”។ ជាមួយនឹងការផ្តល់សម្ភារសិក្សាដល់សិស្សទូទៅ និងកាតាបដល់សិស្សពូកែ មានន័យថា យើងបានលើកទឹកចិត្តពួកគេឲ្យកាន់តែប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផលសិក្សាកាន់តែប្រសើរដែលនឹងផ្តល់ឲ្យពួកគេមានឱកាសទទួលបានអនាគតកាន់តែភ្លឺស្វាង”។
លោក Pern Chen បានធ្វើការកត់សម្គាល់ផងដែរថា កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ បានផ្តល់ចំណេះដឹងសំខាន់ៗស្តីពីវិធីកាត់បន្ថយហានិភ័យអគ្គិភ័យ វិធីបង្ការ និងវិធីដោះស្រាយនៅពេលមានបញ្ហាអគ្គិភ័យនៅក្នុងផ្ទះ និងអគារ។ បំពង់ពន្លត់អគ្គិភ័យចំនួន ៦៣ ត្រូវបានឧបត្ថម្ភដល់សាលារៀន និងសហគមន៍ព្រមទាំងមានការផ្តល់ការបង្ហាញអំពីវិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងវិធីពន្លត់អគ្គិភ័យផងដែរ។
លោក Pern Chen បានបន្ថែមថា “កម្មវិធីចុះទៅតាមសាលារៀនរបស់យើង គឺជាផ្នែកស្នូលនៃកម្មវិធីលើកកម្ពស់វិស័យអប់រំដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ទាំង ៤ របស់យើងខណៈសសរស្តម្ភ ៣ ទៀត ផ្តោតទៅលើ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ ចាប់តាំងពីឆ្នាំ២០១៤ មក សកម្មភាពរបស់យើង បានជួយលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជាជាង ៤៥៦.០០០ នាក់ជាពិសេសកុមារ”៕ ដោយ៖ស តារា
លោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រគល់លិខិតថ្លែងអំណរគុណ និងមេដាយតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដល់នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen ។
លោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ,លោក ពុត សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ឯកឧត្តម ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា លោក ចាប សោភ័ណ ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ និងលោក កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋានបឋមសិក្សា ចូលរួមពិធីប្រគល់នៅក្រសួងជាមួយនឹងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ។
ណាហ្គាវើលដ៍បេះដូងសប្បុរស បានផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្សជាង ២២.០០០ នាក់ទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ ។