ភ្នំពេញ ៖ សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។
បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាទីស្រលាញ់រាប់អាន!
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ មានសេចក្តីសោមនស្សរីករាយដែលបានផ្ញើសារ ចូលរួមអបអរសាទរជូនបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារលើវិស័យ ព័ត៌មាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយ អ្នកសារព័ត៌មានកម្ពុជា ដែលជាទម្លាប់ត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃទី១៤ ខែមករា រៀងរាល់ឆ្នាំ ហើយក៏ សូមអធ្យាស្រ័យចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលរយៈពេលពីរឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាល អាក់ខានមិនបានរៀបចំពិធីជួបជុំដ៏មានសារៈសំខាន់ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំចូលក្នុងសហគមន៍របស់យើង។
ថ្វីត្បិតតែរាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជារលកទី៣ នៃការ ឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ ហើយបើកប្រទេសឡើងវិញ និងបើកឱ្យដំណើរការលើគ្រប់វិស័យ ព្រមទាំង បើកឱ្យមានពិធីជួបជុំឡើងវិញក៏ដោយ ក៏បញ្ហានេះមិនអាចឱ្យយើងរៀបចំពិធីជួបជុំទ្រង់ទ្រាយធំដែលមាន មនុស្សចូលរួមរហូតដល់រាប់ពាន់នាក់នៅក្នុងបរិវេណដែលគ្មានសុវត្តិភាព និងខ្វះការប្រុងប្រយ័ត្នចំពោះ ឱកាសវិលត្រឡប់មកវិញនៃជំងឺដ៏កាចសាហាវនេះបានឡើយ។
ឆ្នាំ២០២២នេះ គឺជាខួបលើកទី៦ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយ អ្នកសារព័ត៌មានកម្ពុជា ក្នុងនាមប្រជាជាតិខ្មែរតែមួយក្នុងគោលបំណងបង្កើនសាមគ្គីភាព និងពង្រឹងភាពជា ដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសា្ថប័នសារព័ត៌មានទាំងអស់ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពខាង សារព័ត៌មាន និងធានាបាននូវសុខដុមនីយកម្មក្នុងសង្គម រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។
ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលខិតខំបំពេញភារកិច្ចអស់រយៈពេលមួយឆ្នាំកន្លងមកនេះ ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសភាពការណ៍ ពិតនៅកម្ពុជា ជាពិសេសចូលរួមចំណែកផ្សព្វផ្សាយនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស និងវិធានការរបស់រាជរដ្ឋាភិបាល ព្រមទាំងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍បានរហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាព ដែលរហូតមកដល់ពេលនេះយើងបានចាក់វ៉ាក់សាំងជូនប្រជាជនបានចំនួនជាង ១៥លាននាក់ ក្នុងចំណោមប្រជាជនជាង១៦លាននាក់ ហើយយើងបានបើកយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ-១៩ ដួសទី៣ (ដូសជំរុញ នៅទូទាំងប្រទេស និងមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង យ៉ាងច្រើនលើសលប់ ថ្វីត្បិតតែមានការឃោសនារារាំងយុទ្ធនាការចាក់វ៉ាក់សាំងពីក្រុមអគតិដើម្បីបំផ្លាញ សេចក្តីសុខរបស់ប្រជាជនកម្ពុជាយើងក៏ដោយ។
ជាមួយនឹងជោគជ័យនៃការចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងការថយចុះជា លំដាប់នៃអត្រាអ្នកឆ្លង និងគ្មានអ្នកស្លាប់ដោយសារកូវីដ-១៩ ព្រឹត្តិការណ៍២០ កុម្ភៈ នៅក្នុងដំណាក់កាល ចុងក្រោយនេះ រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍សោកនាដកម្ម សម្រាប់ប្រទេសរបស់យើងដែលក្នុងរយៈពេល១០ខែ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មានប្រជាជនកម្ពុជាឆ្លងជំងឺកូវីដ-១៩ រហូតដល់ចំនួន១២៤០២៣នាក់ និងបាត់បង់ជីវិត៣ ០០៥នាក់ ហើយពីមួយថ្ងៃៗមានអ្នកឆ្លងកូវីដ-១៩ ជាងមួយពាន់នាក់ និងស្លាប់រាប់សិបនាក់ ថយចុះមកនៅត្រឹម មានអ្នកឆ្លងក្នុងមួយថ្ងៃក្រោម១០នាក់ និងគ្មានមនុស្សស្លាប់ដែលអាចឱ្យរដ្ឋាភិបាលសម្រេចចិត្តបិទបញ្ចប់ ព្រឹត្តិការណ៍២០ កុម្ភៈ ហើយបើកប្រទេសឡើងវិញនិងបើកឱ្យដំណើរការលើគ្រប់វិស័យ ព្រមទាំងអនុញ្ញាត ឱ្យបើកពិធីជួបជុំឡើងវិញដែលជាឱកាសសម្រាប់ស្ដារសេដ្ឋកិច្ចជាតិបន្ទាប់ពីត្រូវបានបំផ្លាញដោយសារ កូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
មួយវិញទៀត ខ្ញុំក៏សូមកោតសរសើរចំពោះសមាគមអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំ ប្រឹងប្រែងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតម្រង់ទិសអ្នកសារព័ត៌មានទាំងអស់ឱ្យធ្វើជាកញ្ចក់ឆ្លុះបញ្ចាំង តថភាព ក្នុងសង្គម និងការបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈដើម្បីលើកកម្ពស់តម្លៃ និង កិត្យានុភាពរបស់ស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានទូទៅ។
បងប្អូនអ្នកសារព័ត៌មានជាទីស្រឡាញ់រាប់អានទាំងអស់គ្នា
រាជរដ្ឋាភិបាលពិតជាបានដឹងអំពីការលំបាករបស់បងប្អូនទាំងផ្នែកហិរញ្ញវត្ថុ និងការបំពេញភារកិច្ច ដោយសារវិបត្តិកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ យើងដឹងហើយថា សារព័ត៌មានវិជ្ជាជីវៈអាច រស់បានដោយសារពឹងផ្អែកទៅលើការផ្សាយពាណិជ្ជកម្ម ដែលកើតចេញពីការរីកលូតលាស់នៃសេដ្ឋកិច្ច ជាតិ។ វិបត្តិកូវីដ-១៩ រយៈពេលពីរឆ្នាំកន្លងមកនេះ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាជិតបីពាន់លានដុល្លាអាម៉េរិក ហើយការបិទខ្ទប់ប្រទេសមួយរយៈពេលនាពេលកន្លងមក បានធ្វើឱ្យប្រជាពលរដ្ឋរួមទាំងអ្នកសារព័ត៌មានរបស់ យើងជួបបញ្ហាវិបត្តិហិរញ្ញវត្ថុនិងមានការលំបាកក្នុងការបំពេញភារកិច្ច។ ប៉ុន្តែក្រោយពីស្ថានភាពកូវីដ-១៩ អាចគ្រប់គ្រងបាននិងការបិទបញ្ចប់រលកទី៣ ព្រឹត្តិការណ៍២០ កុម្ភៈ ជាឱកាសបើកប្រទេសនិងបើកដំណើរការ ឡើងវិញលើគ្រប់វិស័យ ពិតជាបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ដំណើរការឡើងវិញជាមួយនឹងកំណើនខ្ពស់ដែល ជួយធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា មានភាពល្អប្រសើរនៅពេលខាងមុខហើយក៏បានផ្ដល់ភាព ងាយស្រួលដល់បងប្អូនចុះបំពេញការងារផងដែរ។
ជាមួយវឌ្ឍនភាពនិងជោគជ័យដែលយើងសម្រេចបាននាពេលកន្លងមក ក៏មានកិច្ចការជាច្រើន ទៀតដែលសា្ថប័នព័ត៌មានត្រូវចូលរួមបំពេញនាពេលខាងមុខដូចជា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងការរៀបចំប្រកួតកីឡាអាស៊ី អាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះសុទ្ធតែជាព្រឹត្តិការណ៍សំខាន់ៗ និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលអ្នកសារព័ត៌មាន ទាំងអស់ត្រូវត្រៀមលក្ខណៈចូលរួមផ្សព្វផ្សាយទៅកាន់សកលលោកបង្ហាញអំពីការវិវត្តរបស់កម្ពុជា។ ក្រៅពី នេះក៏មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ខ្ញុំសូមយកឱកាសនេះផ្ដល់អនុសាសន៍ដល់អ្នកសារព័ត៌មាន ដើម្បីអនុវត្តបន្ត៖
១- សា្ថប័នព័ត៌មានរដ្ឋ និងឯកជនត្រូវចូលរួមរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈ ភូមិ ឃុំ មានសុវត្ថិភាព ដោយធ្វើការផ្សព្វផ្សាយជំរុញឱ្យអាជ្ញាធរ និងស្ថាប័ន មានសមត្ថកិច្ច ទប់ស្កាត់ និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកសាង សង្គមកម្ពុជាឱ្យមានសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងរក្សាកិត្តិយស សេចក្ដីថ្លៃថ្នូរ លើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
២-ចូលរួមផ្សព្វផ្សាយកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបើកយុទ្ធនាការ ផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (Son Games) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ឆ្នាំ២០២៣ ឱ្យបានផុសផុលដើម្បីបំផុសស្មារតីនិងលើកទឹកចិត្តដល់កីឡាករ កីឡាការិនី យុវជន និងប្រជាពលរដ្ឋយើងឱ្យគាំទ្រនិងស្នេហាវិស័យកីឡាក្រោមពាក្យស្លោក “ កីឡារស់ក្នុងសន្តិភាព “ “កីឡានាំមកនូវមិត្តភាព”” កីឡាដើម្បីសុខភាព“` កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ “ កម្ពុជាស្អាត”។
៣- សា្ថប័នព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានត្រូវបង្កើនភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដោយ ត្រូវបំពេញតួនាទីជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាជននិងពីប្រជាជនមកសា្ថប័នរដ្ឋ វិញទាំងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងការអនុវត្តជាក់ស្ដែងដែលតម្រូវឱ្យអ្នកសារព័ត៌មាន របស់យើងចូលរួមឱ្យកាន់តែសកម្មថែមទៀត។
៤-បន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្មភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌ នៅក្នុងសង្គមដើម្បីកសាងកម្ពុជា ជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព សុំឱ្យអ្នកសារព័ត៌មានរបស់យើងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងជម្រុញកំណែទម្រង់រដ្ឋ ដើម្បីឱ្យមាន តម្លាភាពដែលទាមទារឱ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដល់ ទីជម្រៅ ហ៊ានបញ្ចេញនូវព័ត៌មានពិត មិនក្លែងបន្លំ បំភ្លៃការពិត និងត្រូវបន្តបំផ្លាញចោលពួកឱកាសនិយម ស្វែងយកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រោកក្រោមស្លាកសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាពរបស់ អ្នកសារព័ត៌មានទូទៅនិងស្ថាប័នសារព័ត៌មាន។
៥- បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយទាំងនៅក្របខ័ណ្ឌជាតិ និង អន្តរជាតិ ដែលបច្ចុប្បន្ន តំណាងសារព័ត៌មានរបស់យើងក៏មាននៅក្នុងក្របខណ្ឌស្ថាប័នព័ត៌មានអាស៊ាន ដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់យើងធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយឱ្យកាន់ តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ជាផ្នែកចិត្តសាស្ត្រដែលអាចធ្វើឱ្យសង្គម ទាំងមូលមានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិភាពជាមួយបរទេស។
៦- សមាគមអ្នកសារព័ត៌មានទាំងអស់ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការ បណ្តុះបណ្តាលវិជ្ជាជីវៈ សមត្ថភាពជំនាញដល់បុគ្គលិក និងភ្នាក់ងាររបស់ខ្លួនឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយឌីជីថលដែលអាចជួយបំពេញការងារបានរហ័សទាន់សភាពការណ៍ និងត្រូវបង្កើតឡើង នូវកាលានុវត្តភាពថ្មីមួយសម្រាប់ទប់ទល់នឹងបញ្ហាប្រឈមនានា ដែលអាចនឹងកើតមាននៅពេលអនាគតដែលមិនអាចប៉ាន់ស្មានបាន។ យើងត្រូវចាំថា ប្រសិនបើយើងមានឧបករណ៍ សម្ភារៈទំនើបប៉ុន្តែយើងមិន មានធនធានមនុស្សសម្រាប់ប្រើប្រាស់ក៏មិនអាចមានការរីកចំរើនបានដែរ ជាពិសេសសារព័ត៌មានប្រពៃណី ត្រូវអភិវឌ្ឍខ្លួនដើម្បីឈរជើងប្រកួតប្រជែងទីផ្សារជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប។
៧- ចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូដ-១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំ និងវិធានការ របស់រាជរដ្ឋាភិបាល “៣កុំ ៣ការពារ “ និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួនដើម្បីទប់ស្កាត់ លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់ប្រភេទចូលក្នុងសហគមន៍របស់យើង។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់បងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ដែលកំពុងបំពេញការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងជួបប្រទះ ពុទ្ធពរទាំងប្រាំប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សុខ ខេមរា