ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid យកឈ្នះ Athletic Bilbao លើកពាន Spanish Super Cup

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បានឈ្នះពាន Spanish Super Cup ដោយយកឈ្នះ Athletic Bilbao ២-០ កាលពីថ្ងៃអាទិត្យ ទី១៦ មករា ខណៈដែលខ្សែបម្រើ Luka Modric និងបាល់ពិន័យ១១ម៉ែត្រស៊ុតដោយKarim Benzema ជាអ្នករកគ្រាប់បាល់ជ័យជំនះក្នុងទឹកដីអារ៉ាប៊ីសាអ៊ូឌីត។

ការស៊ុតបាល់បញ្ចូលទីរបស់ Modric ធ្វើឡើងនៅចុងម៉ោងតង់ទី១ នាទីទី៣៨ និងការស៊ុតបាល់ប៉េណាល់ទីរបស់ Benzema នៅដើមតង់ទី២ នាទីទី៥២បានផ្សាភ្ជាប់ការឈ្នះសម្រាប់ Real Madrid ដែលបានគ្រងពានរង្វាន់ជាលើកដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់លោក Carlo Ancelotti ជាគ្រូបង្វឹក។

ក្រុម Bilbao បានយកឈ្នះក្រុមជើងឯក La Liga ក្រុម Atletico Madrid ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែត្រូវបានយកឈ្នះយ៉ាងល្អនៅកីឡដ្ឋាន King Fahd ដោយក្រុម Real Madrid ដែលបានរៀបចំយ៉ាងរលូន ដែលឥឡូវនេះបានចាញ់តែមួយលើកគត់ក្នុងចំណោម២០ប្រកួត។

ក្រុម Bilbao ក៏មានក្តីសង្ឃឹមផងដែរនៅនាទីទី៨៧ នៅពេលដែលក្រុមនេះទទួលបានបាល់ពិន័យ១១ម៉ែត្រ ហើយកីឡាករ Eder Militao ត្រូវបានបណ្តេញចេញ ប៉ុន្តែកីឡាករ Raul Garcia ខកខានការស៊ុតបាល់ពិន័យនេះ ហើយការឈ្នះរបស់ Real Madrid គឺមានសុវត្ថិភាព។

ក្រុមរបស់លោក Ancelotti ត្រូវជួបជាមួយក្រុម Elche នៅថ្ងៃពុធក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រនៃ Copa del Rey និងប៉ះ Paris Saint-Germain នៅខែក្រោយក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈនៅ La Liga ក្រុមអធិរាជស Real Madrid មាន៥ពិន្ទុដាច់នៅលើកំពូលតារាង។

ខ្សែបម្រើ Modric បានបន្តទម្រង់លេងដ៏ល្អរបស់គាត់ដោយស៊ុតបញ្ចូលទីបើកឆាក ដែលជាគ្រាប់មួយធ្វើឱ្យគាត់ក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់បំផុតក្នុងប្រវត្តិសាស្ត្រ Spanish Super Cup នៅអាយុ៣៦ឆ្នាំ។ ទន្ទឹមនឹងនោះខ្សែការពារស្លាប Marcelo បានចូលលេងនៅប៉ុន្មាននាទីចុងក្រោយ មុនពេលលើកពានជាលើកទី២៣របស់គាត់នៅ Real Madrid ដោយតាមស្មើកំណត់ត្រាកីឡាករ Paco Gento ដែលជាកីឡាករជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រក្លិបនេះ។

ឥឡូវនេះលោក Ancelotti មានពានរង្វាន់ចំនួន៥ក្នុងនាមជាគ្រូបង្វឹករបស់ Real Madrid ដោយបន្ថែមពាន Spanish Super Cup និងពានរង្វាន់ Copa del Rey, Champions League, UEFA Super Cup និង Club World Cup ដែលគាត់បានឈ្នះក្នុងអំឡុងពេលដំបូងរបស់គាត់។

ពានរង្វាន់ Spanish Super Cup បានបន្តនៅអេស្ប៉ាញក្នុងឆ្នាំ២០២១ដោយសារតែជំងឺរាតត្បាត ប៉ុន្តែបានត្រឡប់ទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតវិញ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៩ ដែលនឹងទទួលបានប្រាក់ឧបត្ថម្ភដល់សហព័ន្ធបាល់ទាត់អេស្ប៉ាញប្រហែល៣០លានអឺរ៉ូក្នុងមួយឆ្នាំ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖