ខេត្តតាកែវ ៖ នៅអំឡុងពេក៊លចុះទស្សនកិច្ចតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ខ្ញុំបានចុះពិនិត្យទីតាំងធនាគារក្របីនៅ ក្នុងសហគមន៍តំបន់នោះ។ តំបន់ដីសើមគឺជាផ្នែកមួយអំណោយផលសម្រាប់ការចិញ្ចឹមសត្វ។ នេះជាប្រសាសន៍ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
លោកបញ្ជាក់ថា, នៅតំបន់សហគមន៍បឹងព្រែកល្ពៅ យើងបានបង្កើតធនាគារក្របី ដោយធ្វើការប្រវាស់ក្របីជាមួយប្រជាសហគមន៍មូលដ្ឋាន ដែលនេះគឺជាសកម្មភាពលើកម្ពស់ជីវភាពសហគមន៍។ គម្រោងនៅបឹងព្រែកល្ពៅនេះគឺជាកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរជាតិ និងអង្គការ The Wildfowl & Wetlands Trust បាននឹងកំពុងអនុវត្តគម្រោងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍ នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា, តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏មានសក្កានុពលមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទីតំាងភូមិសាស្រ្តស្ថិតនៅក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ហិកតា និងសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទក្នុងមានសត្វស្លាបចំនួន១៣២ប្រភេទ មច្ឆជាតិចំនួន១៣៨ប្រភេទ និងរុក្ខជាតិទឹក៣០ប្រភេទ ៕
ដោយ ៖ សិលា