ព័ត៌មានទាន់ហេតុការណ៍៖

ទាញដំបងឬស្សីសំពងប្រពន្ធសន្លប់ស្ដូកស្ដឹង ហើយស្ទុះយកកាំបិតបម្រុងកាប់សម្លាប់ ប៉ុន្តែបានសាច់ញាតិក្បែរខាងជួយទាន់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ហិង្សាក្នុងគ្រួសារមួយបានបង្កឡើងដោយបុរសជាប្ដី បានវាយប្រពន្ធនឹងដំបងឬស្សីរហូតសន្លប់ស្ដូកស្ដឹង ថែមទាំងស្ទុះទៅទាញយកកាំបិតផ្គាក់មកសំឡុតគំរាមកាប់សម្លាប់ ប៉ុន្តែត្រូវបានសាច់ញាតិភូមិផងរបងជាមួយ ឃាត់ចាប់ប្រគល់ជូនសមត្ថកិច្ចនគរបាលបន្តនីតិវិធី ។

 ករណីហឹង្សាក្នុងគ្រួសារខាងលើ បានបង្កឡើងកាលពីកណ្ដាលថ្ងៃត្រង់ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចកផ្ទះជនបង្ក និងស្រ្តីជាប្រពន្ធរងរបួស ស្ថិតនៅភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មាននានាពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យដៃដល់ជាប្ដីឈ្មោះ ហង្ស ហ៊ីម អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ចំណែកស្រ្តីជាប្រពន្ធរងរបួសឈ្មោះ សៅ រិទ្ធី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំជាមួយគ្នា ។

 ប្រភពព័ត៌មានដដែលបន្ដទៀត មូលហេតុ៖ ផ្ដើមចេញដោយបុរសជាប្ដី(ហង្ស ហ៊ីម)សុំលុយប្រពន្ធ(សៅ រិទ្ធី)ក៏ក្លាយជាទំនាស់ពាក្យសម្ដីគ្នាឡើងបែកផ្សែង ស្រាប់តែផ្ទុះហិង្សាដោយជនសង្ស័យជាប្ដី យកដំបងឬស្សីសំពងរហូតសន្លប់ស្ដូក ឃើញប្រពន្ធសន្លប់បែបនេះហើយ ថែមទាំងស្ទុះទៅយកកាំបិតគំរាមសម្លាប់ទៀត ប៉ុន្តែត្រូវបានបងប្អូនសាច់ញាតិក្បែរខាង ជួយអន្ដរាគមន៍ឃាត់ចាប់ រួចយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដើម្បីបន្តនីតិវិធី ៕

ដោយ៖បុឹម ពិន


ចែករំលែក៖