ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនធ្លាក់រណ្ដៅដីការដ្ឋានកំពុងសាងសង់ផ្លូវជាតិលេខ២ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗខណៈដែលរូបខ្លួនបានបើកម៉ូតូក្នុងល្បឿនលឿនហើយបានជ្រុលទៅធ្លាក់ចូលក្នុងរណ្ដៅដីការដ្ឋានកំពុងសាងសង់ផ្លូវជាតិលេខ២។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣ និង៤៥នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើដងផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះគឺបើកបរម៉ូតូធ្លាក់រណ្ដៅដួលខ្លួនឯងធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិចលុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនបានបើកធ្លាក់រណ្ដៅដីការដ្ឋានកំពុងសាងសង់ផ្លូវជាតិលេខ២បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ 

សមត្ថកិច្ចបានបន្តទៀតថា ជនរង្គ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FW 02.56 ឈ្មោះរស់ វិចិត្រ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ដោយសារបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យ ហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនិងសាសនា៕

ដោយ៖ ស សម


ចែករំលែក៖