ខេត្តស្វាយរៀង ៖ សំឡេងជីដូនបានស្រែកទ្រហោយំនិងហៅអ្នកភូមិឱ្យជួយសង្គ្រោះចៅលើកស្រង់ចេញពីក្នុងស្រះដាក់លើគ្រែនិងឆ្អើរភ្លើង ប៉ុន្តែអកុសលហួសពេលទៅហើយខណ:ដែលក្មេងប្រុសបងប្អូនជីដូនមួយ២នាក់បាននាំគ្នាចុះលេងទឹកស្រះខាងកើតផ្ទះបណ្ដាលឱ្យលង់ស្លាប់។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅភូមិសង្រ្គោះ ឃុំសំបួរ ស្រុកស្វាយទាប។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាក្មេងរងគ្រោះមានឈ្មោះរឿន ភ័ក្ត្រា អាយុ៧ឆ្នាំ និងឈ្មោះហេង រដ្ឋា អាយុ៦ឆ្នាំ អ្នកទាំង២ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដោយសហការជាមួយកម្លាំងជំនាញវិភាគកន្លែងកើតហេតុនិងលោកគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្វាយទាប បានធ្វើការពិនិត្យសាកសពដោយសន្និដ្ឋានថាក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាដមែន។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញក្មេងប្រុសទាំងពីរនាក់បានចេញពីធ្វើពលកម្មនៅសាលារៀនត្រលប់មកផ្ទះ។ ក្រោយមកក៏បាននាំគ្នាទៅលេងទឹកស្រះដែលមានជម្រៅ២ម៉ែត្រកន្លះខាងកើតផ្ទះចម្ងាយប្រមាណ១០ម៉ែត្រដូចសព្វដង។
ប្រភពបន្តថា បន្ទាប់មកក៏ឃើញជីដូនស្រែកហៅចៅព្រោះមិនឃើញនៅមុខផ្ទះរួចក៏ដើររកស្រាប់តែប្រទះឃើញស្បែកជើងនៅក្បែរស្រះទឹកទើបបង្កការភ្ញាក់ផ្អើលនិងស្រែកហៅអ្នកភូមិឱ្យជួយសង្គ្រោះលើកស្រង់ចេញពីក្នុងស្រះដាក់លើគ្រែនិងឆ្អើរភ្លើង ប៉ុន្តែអកុសលហួសពេលទៅហើយ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដីក្ដុកក្ដួលនិងសោកសង្រេងបំផុត៕
ដោយ៖យឹម សុថាន