ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករអ្នកដឹកបន្លែផ្លែឈើនិងគ្រឿងសម្ភារឧបភោគបរិភោគត្អូញត្អែរថាក្រុមគយចល័តគាបសង្កត់កំណត់បញ្ជាឱ្យបង់លុយក្បាលឡានថ្លៃៗពេកពិបាករកសុីណាស់!!

ចែករំលែក៖

ខេត្តរតនគិរី៖ អាជីវករអ្នករកសុីដឹកបន្លែផ្លែឈើនិងគ្រឿងសម្ភារឧបភោគបរិភោគលើដងផ្លូវជាតិលេខ៧៨A បានត្អូញត្អែរថាក្រុមគយចល័តគាបសង្កត់កំណត់បញ្ជាឱ្យបង់លុយថ្លៃក្បាលឡានច្រើនៗហួសហេតុពេកណាស់។

   ក្រុមអាជីវករអ្នកដឹកបន្លែផ្លែឈើបន្តថាក្រុមគយចល័តនោះធ្វើនេះគឺប្រឆាំងនឹងសេចក្ដីប្រកាសលេខ០០៩របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្ដីពីការមិនយកពន្ធលើមុខទំនិញជាប្រភេទចំណីអាហារនោះឡើយ។

   បើទោះបីជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្ដីប្រកាស លើកលែងមិនយកពន្ធលើមុខទំនិញជាប្រភេទចំណីអាហាររយៈពេល២ឆ្នាំដើម្បីលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ ប៉ុន្តែ ផ្ទុយទៅវិញក៏នៅតែមានលោក លី តុលាប្រធានក្រុមគយចល័តប្រហែលជាអនុវត្តតាមបញ្ជាប្រធានស្នាក់ការតំបន់២បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធនោះហើយបានជានៅតែមិនខ្ចីយកត្រចៀកស្ដាប់មិនខ្ចីអនុវត្តតាមសេចក្ដីប្រកាសនោះ។

    ប្រភពបន្តទៀតថា ក្រុមគយចល័តនោះនៅតែបន្តធ្វើការគាបសង្កត់កំណត់បង្គាប់បញ្ជាឱ្យបង់លុយក្បាលរថយន្តពីអាជីវករអ្នកដឹកទំនិញបន្លែផ្លែឈើគ្រឿងឧបភោគបរិភោគទាំងឡាយដែលនាំចូលពីប្រទេសវៀតណាមមកកម្ពុជា តាមផ្លូវជាតិលេខ៧៨A យ៉ាងពេញបន្ទុកដដែល។

    នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២២កន្លងមកនេះក្រុមអាជីវករអ្នកដឹកបន្លែផ្លែឈើទាំងនោះបានបង្ហើបថា៖ពួកខ្លួនដឹកទំនិញសព្វសារពើពីព្រំប្រទល់ចំណុចសប្រទស់វៀតណាម មកកម្ពុជា ចូលមកតាមផ្លូវជាតិលេខ៧៨Aដោយប្រើរថយន្តប្រភេទសាំយ៉ុងមួយជើងត្រូវគយចល័តលើផ្លូវជាតិនោះដែលមានស្នាក់ការនៅចំណុចភូមិសោមធំ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីកំណត់ឱ្យបង់លុយ ចំនួន១៥០.០០០រៀល(មួយសែនប្រាំម៉ឺនរៀល) និង២០០.០០០(ពីរសែនរៀល)ជាកំហិតដោយពុំមានការកំណត់តាមបារ៉ែមឬលិខិតស្មាមបង់ពន្ធត្រឹមត្រូវនោះទេ  គឺតម្រូវឱ្យបង់មានរថយន្តដឹកបន្លែក្នុងមួយជើងគយត្រូវកំណត់ឱ្យបង់លុយចំនួន១០ម៉ឺនរៀល ១៥ម៉ឺនរៀលជាកំហិត។ រថយន្តដឹកផ្លែឈើកំណត់បង់២០ម៉ឺនរៀល។ ឯរថយន្តដឹកធ្យូងបង្កប់ឈើក៏មានដែរមួយជើងបង់៨ម៉ឺនទៅ១០ម៉ឺនរៀល។

   អ្នកបើកបររថយន្តនិងអាជីវករបានអះអាងដូចៗគ្នាថា៖ តាំងពីមុនអំឡុងពេលកូវីដ-១៩រហូតមកដល់ពេលនេះ គយចល័តក្រោមការដឹកនាំរបស់លោកលី តុលាក៏នៅតែបន្តកំណត់ឱ្យយកលុយពីពួកខ្លួនដដែល។

    សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២២ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្ដីប្រកាសលេខ០០៩សហវ.ប្រក ស្ដីពីការលើកលែងពន្ធចំពោះទំនិញអាហារជាមូលដ្ឋានរយៈពេល២ឆ្នាំគឺចាប់ពីថ្ងៃទី០១.០១.២០២២ រហូតដល់ថ្ងៃទី៣១.១២.២០២៣។

   នៅព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២២នេះអ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទសុំការបំភ្លឺទៅលោក លី តុលាប្រធានក្រុមគយចល័តនោះលោកបានឆ្លើយយ៉ាងខ្លីថាមិនបាច់វែងឆ្ងាយអីទេសុំសួរទៅប្រធានខ្ញុំជាប្រធានតំបន់ឈ្មោះព្រាប គារ៉ាត់ទៅ គាត់មានស្នាក់ការនៅក្រែក ខេត្តត្បូងឃ្មុំ។  តែខណៈនោះមិនអាចសុំការបំភ្លឺពីលោកព្រាប គារ៉ាត់ ដែលជាប្រធានស្នាក់ការគយនិងរដ្ឋាករតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធនោះបានទេ ហើយនោះក៏ជាគយនិងរដ្ឋាករបង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ តែផ្ទុយទៅវិញបែរជាយកតួនាទីរបស់ខ្លួនមកគាបសង្កត់កំណត់បង្គាប់បញ្ជាឱ្យយកលុយពីអាជីវករអ្នកដឹកបន្លែផ្លៃឈើត្រីសាច់តាមតែទំនើងចិត្តទៅវិញបែបនេះព្រោះមានផ្លូវជាតិជាច្រើនដែលស្ថិតនៅក្រោមឱវាទគ្រប់គ្រងចេញពីប្រទេសជិតខាងមានដូចជានៅខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះនិងខេត្តត្បូងឃ្មុំជាដើមគឺតែងតែមានសកម្មភាពគាបសង្កត់បង្គាប់បញ្ជាឱ្យអាជីវករដែលដឹកទំនិញតាមរថយន្តគ្រប់ប្រភេទដែលជាចំណីអាហារបង់ថ្លៃក្បាលរថយន្តបែបនោះដូចៗតែគ្នា។

ឯក្រុមអាជីវករវិញគឺមិនហ៊ានប្រតិកម្មផ្ទុះការតវ៉ាអ្វីទេបានត្រឹមតែបង្ហើបប្រាប់អ្នកយកព័ត៌មានពីការឈឺចាប់ត្អូញត្អែរពីការបៀមទុក្ខក្នុងចិត្តប៉ុណ្ណោះ ព្រោះខ្លាចបាត់បង់មុខរបរដឹកជញ្ជូននោះក៏ចេះតែធ្មេចទ្រាំទៅក្នុងអំឡុងរដូវកាលកូវីដ-១៩ផង ។  ពួកគាត់រង់ចាំមើលបន្តដែរថាតើលោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជាកែទម្រង់បែបណាទៀតនូវរាល់សកម្មភាពលោកមេៗតំបន់និងមេៗក្រុមគយនិងរដ្ឋាករចល័តនោះដែលកំពុងតែអនុវត្តផ្ទុយពីសេចក្តីប្រកាសលេខ០០៩សហវ.ប្រក ស្ដីពីការលើកលែងពន្ធចំពោះទំនិញអាហារជាមូលដ្ឋានរយៈពេល២ឆ្នាំ គឺចាប់ពីថ្ងៃទី០១.០១.២០២២ រហូតដល់ថ្ងៃទី៣១.១២.២០២៣របស់រាជរដ្ឋាភិបាលបែបនេះ ហើយក៏ជាខណៈដែលការបោះឆ្នោតឃុំសង្កាត់កាន់តែរំកឹលខិតចូលមកដល់ដែរហើយនោះ៕


ដោយ ៖ ជីវ័ន្ត


ចែករំលែក៖