ខេត្តសៀមរាប៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋរស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រមាណជិត៣៥០នាក់ បានរៀបចំកម្មវិធីចាប់ត្រីរួមគ្នា ក្នុងត្រពាំងអភិរក្សមួយកន្លែង សម្រាប់ត្រៀមទុកពិធីឡើងមាឃឬឡើងអ្នកតា ដែលអ្នកភូមិបានប្រារព្ធឡើងជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
ក្រៅពីបង្កឲ្យមានភាពសប្បាយរីករាយរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីប្រមូលផលត្រីទុកសម្រាប់ឡើងមាឃឬពិធីបុណ្យភូមិវិធីចាប់ត្រីរួមគ្នានេះបង្ហាញអំពីប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជនខ្មែរច្រើនជំនាន់មកនោះ។ ពិធីនេះបង្ហាញអំពីសកម្មភាពនៃការរូបរួមគ្នានិងការប្រើប្រាស់ឧបករណ៍ចាប់ត្រីដែលមិនបំផ្លាញធនធានធម្មជាតិទៅអនាគត។ ប្រជាពលរដ្ឋប្រើឧបករណ៍ដូចជាឈ្នាង អង្រុត សំណាញ់…ប្រកបដោយភាពរូបរួមសាមគ្គីគ្នា ជាពិសេសការបង្ហាញពីរបៀបប្រមូលផលត្រីដោយមិនប្រើឧបករណ៍នេសាទខុសច្បាប់។
លោកមេភូមិបង្កោង ឃុំអំពិលបានឱ្យដឹងថា ដោយសារឆ្នាំ២០២២នេះស្ថានភាពទឹក ក្នុងត្រពាំងមានច្រើន ទើបគណៈកម្មការសម្រេចកំណត់យកថ្ងៃទី២១ ខែកុម្ភៈនេះជាថ្ងៃរួមគ្នាចាប់ត្រី ដើម្បីប្រារព្ធពិធីឡើងមាឃ ឬធ្វើ បុណ្យភូមិ តាមទំនៀមទម្លាប់របស់អ្នកស្រុកមិនដែលខកខាន។ ពិធីនេះតែងធ្វើឡើងនៅត្រពាំងបឹង ដែលសហគមន៍បានអភិរក្សទុកមិនឱ្យមានការលួចនេសាទ ក្នុងរយៈពេល១ឆ្នាំរហូតដល់មានការណាត់គ្នាពីលោកមេភូមិថាកំណត់ថ្ងៃណាមួយដើម្បីនេសាទ ទើបអ្នកភូមិនាំគ្នាទៅរកត្រីបាន។
លោកមេភូមិបន្តថា ប្រជាពលរដ្ឋចំនួន៣៤៧គ្រួសារ រស់នៅក្នុងភូមិបង្កោងនេះ បានមកជួបជុំគ្នាតាំងព្រលឹមស្រាងៗ ដោយមានភ្ជាប់មកជាមួយឧបករណ៍ពីបុរាណមាន ឈ្នាង អង្រុត និងសំណាញ់ជាដើម ដើម្បីត្រៀមចុះចាប់ត្រីរួមគ្នា ក្រោយពេលគណៈកម្មការប្រកាសមីក្រូ និងបាញ់កាំជ្រួចជាសញ្ញា។ជាមធ្យមក្នុងមួយឆ្នាំៗទិន្នផលត្រីដែលអ្នកភូមិចាប់បាន មិនតិចជាង១០០គីឡូក្រាម សម្រាប់ធ្វើទឹកសម្លនំបញ្ចុកប្រគេនដល់ព្រះសង្ឃក្នុងពិធីបុណ្យ ប៉ុន្តែសម្រាប់ឆ្នាំនេះ ទិន្នផលត្រីអាចមានការកើនឡើងជាងរាល់ឆ្នាំ ព្រោះគណៈកម្មការភូមិ តែងតែរួមគ្នាអភិរក្សទុក មិនឱ្យមានការលួចនេសាទឡើយខុសច្បាប់ឡើយ។
លោក ភ័ក្រ ភ័ណ្ឌ ប្រជាពលរដ្ឋរស់នៅភូមិបង្កោង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ បងប្អូននៅក្នុងភូមិទាំងអស់ តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា នៅក្នុងត្រពាំងអភិរក្សនេះ មិនដែលខកខានមួយឆ្នាំណាឡើយ ដើម្បីយកត្រីដែលបង់បាន មកធ្វើជាទឹកសម្ល នំបញ្ចុក និងម្ហូបអាហារផ្សេងៗដើម្បីប្រារព្វពិធីបុណ្យភូមិឬពិធីឡើងមាឃរួមគ្នា ហើយអ្នកភូមិដែលមកនេសាទទាំងអស់ មិនផ្តោតតែលើរកត្រីមួយមុខនោះទេ គឺមកជួបជុំ សប្បាយរីករាយ និងបង្ហាញសាមគ្គីភាពកាន់តែស្និទ្ធស្នាលរវាងប្រជាជននៅក្នុងភូមិថែមទៀតផង៕
ដោយ៖ សូរិយា