ភ្នំពេញ ៖ ដុល្លារអាមេរិកត្រូវបានគេចាត់ទុកថាជារូបិយប័ណ្ណសកលប្រើប្រាស់ជុំវិញពិភពលោក។ គិតត្រឹមចុងឆ្នាំ ២០១៩ ប្រមាណ ៩០ ភាគរយ នៃពាណិជ្ជកម្មនៅលើទីផ្សារប្ដូរប្រាក់បរទេសមានការពាក់ព័ន្ធនឹងប្រាក់ដុល្លារអាមេរិក។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ស្មានថា ប្រមាណ ៦០ ភាគរយ នៃប្រាក់បម្រុងជុំវិញពិភពលោកគឺជាប្រាក់ដុល្លារអាមេរិក។ ជិត ៤០% នៃមូលបត្របំណុលរដ្ឋាភិបាលជុំវិញពិភពលោកគឺគិតជាដុល្លារ។ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) ក៏បានកំណត់តម្លៃលក់ប្រេងគិតជាប្រាក់ដុល្លារអាមេរិកផងដែរ។
សរុបមកប្រទេសជុំវិញពិភពលោកគឺត្រូវការដុល្លារអាមេរិកសម្រាប់ធ្វើជំនួញ
តើហេតុអ្វីបានជាដុល្លារអាមេរិកបានក្លាយរូបិយប័ណ្ណសកលបែបនេះ?
ដុល្លារអាមេរិកបច្ចុប្បន្នគឺត្រូវបានបង្កើតនៅឆ្នាំ ១៩១៣ ដើម្បីជំនួសរូបិយប័ណ្ណមួយចំនួនដែលប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។ នៅពេលនោះសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានវ៉ាដាច់សេដ្ឋកិច្ចចក្រភពអង់គ្លេស និងបានក្លាយជាសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក ប៉ុន្តែចក្រភពអង់គ្លេសនៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកដដែល ដោយប្រតិបត្តិការហិរញ្ញវត្ថុភាគច្រើននៅប្រើប្រាក់ផោន។
គួរបញ្ជាក់ថា កាលនោះប្រទេសអភិវឌ្ឍន៍ភាគច្រើនបានភ្ជាប់តម្លៃរបស់រូបិយប័ណ្ណទៅនឹងតម្លៃរបស់មាសដើម្បីបង្កើតឱ្យមានស្ថិរភាពក្នុងការផ្លាស់ប្ដូររូបិយប័ណ្ណ។
ដោយសារការផ្ទុះសង្គ្រាមលោកលើកទី១ ប្រទេសនៅអឺរ៉ុបខាងលិចដែលរួមមានអង់គ្លេសបានជំពាក់បំណុលសហរដ្ឋអាមេរិកជាច្រើនហើយកាន់តែរំពឹងលើដុល្លារអាមេរិក។ នៅពេលបញ្ចប់សង្គ្រាម ប្រាក់ដុល្លារបានជំនួសប្រាក់ផោន និងក្លាយជារូបិយប័ណ្ណបម្រុងឈានមុខគេរបស់ពិភពលោក។
មកដល់សង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកគឺជាប្រទេសនាំចេញអាវុធ ស្បៀងអាហារ និងវត្ថុធាតុដើមទៅអឺរ៉ុបសំខាន់ជាងគេ ហើយបានដោះដូរមាសមកវិញ។ នៅចុងសង្គ្រាមអាមេរិកបានកាន់កាប់ ៣ ភាគ ៤ នៃមាសដែលមានក្នុងពិភពលោក ហើយមាសបម្រុងរបស់ប្រទេសជាច្រើនត្រូវបានរីងស្ងួត។
នៅឆ្នាំ ១៩៤៤ ប្រតិភូមកពីប្រទេសសម្ព័ន្ធមិត្តចំនួន ៤៤ បានជួបប្រជុំគ្នានៅទីក្រុង Bretton Wood រដ្ឋ New Hampshire សហរដ្ឋអាមេរិកដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងការប្ដូរប្រាក់បរទេសដែលនឹងមិនធ្វើឱ្យប្រទេសណាមួយជួបការលំបាកឡើយ។ គេបានសម្រេចថាតម្លៃរបស់រូបិយប័ណ្ណជុំវិញពិភពលោកត្រូវភ្ជាប់ជាមួយនឹងតម្លៃរបស់ដុល្លារអាមេរិកដែលភ្ជាប់នឹងតម្លៃមាស។
ការសម្រេចនេះត្រូវបានក្លាយជាកិច្ចព្រមព្រៀង Brentton Wood ដែលបានចែងថាធនាគារកណ្ដាលនីមួយៗត្រូវរក្សាអត្រាប្ដូរប្រាក់ថេររវាងរូបិយប័ណ្ណខ្លួន និងប្រាក់ដុល្លារអាមេរិក។ ជាថ្នូរអាមេរិកធានាឱ្យមានការប្ដូរដុល្លារអាមេរិកយកមាសតាមតម្រូវការប្រទេសនីមួយៗ។ បណ្ដាប្រទេសមានសិទ្ធិទិញ ឬលក់រូបិយប័ណ្ណរបស់ខ្លួនក្នុងស្ថានភាពដែលតម្លៃរូបិយប័ណ្ណចុះខ្សោយ ឬខ្លាំងពេកធៀបនឹងដុល្លារអាមេរិក។ កិច្ចព្រមព្រៀងនេះក៏បានបង្កើតអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank)។
ជាលទ្ធផលនៃកិច្ចព្រមព្រៀង Bretton Wood ប្រាក់ដុល្លារអាមេរិកត្រូវបានដាក់ជារូបិយប័ណ្ណសកល។ ជំនួសការបម្រុងទុកមាស ប្រទេសជាច្រើនបានបម្រុងទុកប្រាក់ដុល្លារអាមេរិកវិញ។
សង្គ្រាមនៅឥណ្ឌូចិនបានធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថិរភាពនៃប្រាក់ដុល្លារ ដែល នាំឱ្យប្រទេសនានាចាប់ផ្ដើមប្ដូរប្រាក់បម្រុងពីដុល្លារអាមេរិកទៅមាស។ នៅឆ្នាំ ១៩៧១ តម្រូវការមាសបានឈានដល់កម្រិតមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Richard Nixon ធ្វើអន្តរាគមន៍ផ្ដាច់ចំណងរវាងតម្លៃដុល្លារអាមេរិក និងតម្លៃមាសដែលនាំឱ្យមានអត្រាប្ដូរប្រាក់អណ្ដែតដែលមានសព្វថ្ងៃ។ អត្រាប្ដូរប្រាក់អណ្ដែតមានន័យថា រូបិយប័ណ្ណមិនមានការភ្ជាប់តម្លៃទៅរូបិយវត្ថុណាមួយទេ ហើយអត្រាប្ដូរប្រាក់គឺកំណត់ដោយការផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារប្ដូរប្រាក់បរទេស។
ទោះបីការផ្ដាច់ចំណងនេះបានធ្វើឱ្យមានការបោះបង់ចោលកិច្ចព្រមព្រៀង Bretton Wood និងធ្វើដុល្លារអាមេរិកមានអតិផរណាក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែទទួលបានការជឿទុកចិត្តចំពោះសមត្ថភាពក្នុងការសងបំណុល ជាហេតុធ្វើឱ្យដុល្លារអាមេរិកនៅតែជារូបិយប័ណ្ណសកល។
អ្នកវិភាគមួយចំនួនបានយល់ឃើញថាអនុត្តរភាពរបស់ដុល្លារអាមេរិកបានអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើប្រទេសណាមួយដែលមិនគោរពតាមបន្ទាត់របស់អាមេរិក ឬអនុវត្តសកម្មភាពដែលរដ្ឋាភិបាលអាមេរិកយល់ថាគំរាមកំហែងដល់ផលប្រយោជន៍ជាតិរបស់ខ្លួន។ ធ្វើឱ្យពាណិជ្ជកម្មដោយប្រើដុល្លារអាមេរិក
ជាមួយក្រុមហ៊ុនដែលក្រោមទណ្ឌកម្មរបស់អាមេរិក មិនអាចប្រព្រឹត្តទៅបាន។
តែជាលើកដំបូងក្នុងឆ្នាំ ២០២០ នេះដែលការប្រើប្រាស់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មរវាងចិន និងរុស្ស៊ីបានធ្លាក់ចុះក្រោម ៥០% ក្រោយពីក្រុងប៉េកាំង និងម៉ូស្គូអនុវត្តផែនការកាត់បន្ថយការរំពឹងលើដុល្លារអាមេរិក។ ក្រុមហ៊ុនរុស្ស៊ីជាច្រើនត្រូវបានអាមេរិកដាក់ទណ្ឌកម្មក្រោយពីឆ្នាំ ២០១៤ រីឯក្រុមហ៊ុនចិនមួយចំនួនត្រូវបានស្ថិតក្រោមទណ្ឌកម្មរបស់រដ្ឋាភិបាលលោក Donald Trump។
នៅដើមឆ្នាំ ២០១៩ ប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេសបានបើកច្រកធ្វើពាណិជ្ជកម្មថ្មីជាមួយអ៊ីរ៉ង់ ១ ឆ្នាំក្រោយពីអាមេរិកបានដកខ្លួនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មជាថ្មី។ Instrument in Support of Trade Exchanges ឬហៅកាត់ថា INSTEX គឺបង្កើតឡើងដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់ដោយមិនប្រើដុល្លារអាមេរិក ឬប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុ SWIFT ដើម្បីការពារក្រុមហ៊ុននៅអឺរ៉ុបពីការដាក់ទណ្ឌកម្មរបស់អាមេរិក។ មកដល់សព្វថ្ងៃប្រទេសបែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ ហ្វាំងឡង់ និងស៊ុយអែតបានចូលរួមប្រើប្រាស់ INSTEX។ គួរបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុ SWIFT ដែលមានទីស្នាក់ការកណ្ដាលនៅបែលហ្ស៊ិក គឺជាប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុរវាងធនាគារធំជាងគេនៅក្នុងពិភពលោក តែកាលពីឆ្នាំ ២០១២ SWIFT បានផ្ដាច់ទំនាក់ទំនងជាមួយធនាគារអ៊ីរ៉ង់ទាំងអស់ ដោយសារសម្ពាធពីអាមេរិក៕
ប្រភព: ពី លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន