ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលឿនពេក ពេលទៅដល់ផ្លូវបំបែកជាបួនបានជ្រុលទៅបុកឡំប្រឺតាដែលកំពុងបើកឆ្លងផ្លូវពេញទំហឹង ប៉ើងផ្ទប់ទៅនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យម្ចាស់ឡំប្រឺតារងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះជាបន្ទាន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី១១ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១កែងនឹងផ្លូវលេខ៤០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HM-9561 តាមបណ្ដោយផ្លូវលេខ២៦១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួនស្រាប់តែគេឃើញបុរសម្នាក់បើករថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BF-3900 តាមបណ្ដោយផ្លូវលេខ៤០២ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ហើយពេលមកដល់ចំណុចកើតហេតុបានជ្រុលទៅប៉ះជាមួយឡំប្រឺតា ពេញទំហឹងធ្វើឱ្យប៉ើងទៅផ្ទប់នឹងជញ្ជាំងផ្ទះពលរដ្ឋបណ្ដាលឱ្យម្ចាស់ឡំប្រឺតារងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកអ្នកបើករថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលទៅ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ ហើយធ្វើការវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត និងឡំប្រឺតាទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំឱ្យភាគីទាំងពីរចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ