ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

ចែករំលែក៖

តពីលេខមុន)

  ចាប់តាំងពីថ្ងៃពេញបូរមី ខែភទ្របទមក នាយក ទាយិកានាំគ្នាទៅប្រជុំនៅទីសាលាវត្តដែលគេបានចាត់ចែងរៀបចំលម្អជាស្រេចសម្រាប់បុណ្យដើម្បីស្តាប់ព្រះសង្ឃសូត្រមន្តនិងសំដែងធម្មទេសនា។ លុះចប់ធម៌ទេសនាហើយ គេនាំគ្នាត្រឡប់ទៅកាន់ទីលំនៅររៀងៗខ្លួន។ ដល់ថ្ងៃបន្ទាប់មកទើបនាំគ្នាក្រោកពីយប់ទៅប្រជុំនៅឯទីវត្តទៀត។

  អ្នកណាទៅដល់វត្តពីយប់មុនគេអ្នកនោះទូងស្គរជាសញ្ញាដល់អ្នកជើងវត្តឯទៀត ។ពេលឮសញ្ញាស្គរវត្តហើយ គេក៏ប្រញាប់ប្រញាល់នាំបាយបិណ្ឌ បាយបត្តបូរ និងម្ហូបចំណីផ្សេងៗទៅកាន់វត្តយ៉ាងរួសរាន់។  ដល់ហើយនាំគ្នាដើរទក្ខិណាព័ត៌ព្រះវិហារ ៣ ជុំរួចទើបនាំគ្នាចូលទៅស្តាប់ព្រះសង្ឃស្វាធ្យាយធម៌។ ធម៌ដែលព្រះសង្ឃសូត្រនៅពេលនោះមានពីរយ៉ាងធម៌មួយសម្រាប់ឧទ្ទិសគ្រឿងសំណែនដល់ខ្មោចនិងធម៌មួយទៀតសម្រាប់តឿនព្រះអាទិត្យឲ្យរះឆាប់ឡើង។

  ព្រលឹមឡើង អ្នកវេនរៀបចង្ហាន់ប្រគេនព្រះសង្ឃស្រស់ស្រូបហើយទើបនាំគ្នាត្រឡប់ទៅផ្ទះវិញយកទាំងបាយបិណ្ឌទៅផង។ ដល់ថ្ងៃជិតត្រង់ទើបនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃឆាន់ត្រង់ម្ដងទៀតគេធ្វើដូច្នេះរហូតដល់គ្រប់ដប់ប្រាំថ្ងៃ។ ថ្ងៃទី ១៥ នេះហើយដែលជាថ្ងៃសំខាន់ជាងគេ។

  * ពិធីក្នុងព្រះបរមរាជវាំង÷នៅព្រះបរមរាជវាំង ព្រះមហាក្សត្រខ្មែរតែងធ្វើព្រះរាជកុសលកាន់បិណ្ឌជាទំនៀមមកចាប់តាំងពីថ្ងៃ ១១ រោច។

  នៅពេលនេះ យើងសូមជូនអំពីព្រះរាជពិធីយ៉ាងសង្ខេប ព្រោះថាក្រៅអំពីការរុងរឿងអាធិកអាធម ក្នុងការរៀបចំពិធី ពុំមានទំនៀមអ្វីប្លែកប៉ុន្មានអំពីទំនៀមរាស្ត្រឡើយ។

  ខាងទំនៀមព្រះមហាក្សត្រធ្វើផ្កាច្រើនជាងនៅទីដទៃ ព្រោះគេធ្វើជំនួសបាយបត្តបូរយើងធម្មតា។ផ្កាបិណ្ឌដែលប្រើក្នុងព្រះរាជពិធីក៏មានរាងធំក្រោមស្រួចលើដែរ ប៉ុន្តែនៅចន្លោះផ្កាញ័រ មានដោតក្បាច់កញ្ចាំងឆ្លាក់ជាប់នឹងសាច់អំពៅព្រៃតែម្ដង។ ហើយនៅថ្នាក់ក្រោមបង្អស់មានដោតទង់រូបក្រពើ និងទង់រូបអ្នកធ្វើដោយស្ពាន់ក្រាបព្រះរាជពិធីតែងធ្វើនៅក្នុងព្រះទេវាវិនិច្ឆ័យ។ នៅលើតុមួយគេតម្កល់ព្រះពុទ្ធរូប ១ អង្គដែលគេបានអភិសេកពីឆ្នាំមុន។ រួចហើយដល់ថ្ងៃបង្ហើយបុណ្យគេត្រូវអភិសេកព្រះពុទ្ធរូបមួយអង្គថ្មីទៀត។

  នៅថ្ងៃ ១១ រោចដែលជាថ្ងៃផ្ដើមបុណ្យ ព្រះសង្ឃចម្រើនព្រះបរិត្តនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ។ ស្អែកឡើងគឺថ្ងៃ ១២ រោច ព្រះសង្ឃត្រូវនិមន្តតាំងពីម៉ោង ៤ ភ្លឺដើម្បីស្វាធ្យាយធម៌រហូតដល់ម៉ោង ១០ ព្រឹក ទើបក្រុមសង្ឃការីរៀបចង្ហាន់ប្រគេនព្រះសង្ឃឆាន់។ ថ្ងៃដដែលត្រូវវេនព្រះសង្ឃដទៃទៀតទៅបំពេញកិច្ចដូចថ្ងៃទី 1 ដែលយើងបានពោលរួចមកហើយ។

  ថ្ងៃ ១៣ រោច ពិធីធ្វើតាំងពីរសៀលថ្ងៃនេះទៅដល់ព្រឹក។ថ្ងៃស្អែកទៀត ជាពិធីថ្វាយព្រះរាជកុសលចំពោះព្រះអតីតមហាក្សត្រទាំងឡាយ ជាពិសេសគឺព្រះរាជា ៥ ព្រះអង្គដែលទ្រង់សោយព្រះទីវង្គតក្រោយគេ គឺព្រះករុណាព្រះអង្គឌួង ព្រះករុណាព្រះនរោត្ដម ព្រះករុណាព្រះស៊ីសុវត្ថិ ព្រះករុណាព្រះមុនីវង្ស និង ព្រះករុណាព្រះសុរាម្រឹត។

  នៅថ្ងៃ ១៤ រោច ព្រះករុណាព្រះរាជវង្សានុវង្សស្ដេចយាងចេញជាព្រះរាជាធិបតីភាពជាមួយនិងនាម៉ឺនសព្វមុខមន្ត្រី។ បន្ទាប់មកគេនិមន្តព្រះសង្ឃបង្សុកូលគឺជាការពិចារណាដល់ភាពឥតខ្លឹមសារនៃមនុស្សជាតិនិងជាកិច្ចបញ្ជូនកុសលចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ឲ្យបានរំដោះផុតពីទុក្ខវេទនា។ នៅវេលាលោកកំពុងសូត្រធម៌គេយកអំបោះឆៅប្រគេនព្រះសង្ឃគ្រប់អង្គហើយយកចុងសរសៃអំបោះម្ខាងដាក់ទៅក្នុងផ្តិលទឹកមន្ត ១ តម្កល់នៅចំពោះព្រះភ័ក្រ្តព្រះសង្ឃនាយកហើយចុងម្ខាងទៀត យកទៅដាក់ព័ទ្ធជុំវិញហោព្រះអដ្ឋិឯនោះ។ អំបោះនោះជានិមិត្តរូបនៃការចម្លងកម្លាំងធម៌ខាងសាសនាពីអ្នករស់នៅទៅកាន់អ្នកស្លាប់។ (នៅមានត)

 

(ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត)


ចែករំលែក៖